ត្រីមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កើនឡើងប្រមាណ ២៤,៥% ក្នុងតម្លៃ ២,៣២ ពាន់លានដុល្លារ!


ភ្នំពេញ៖ ដូចដែលយើង បានដឹងស្រាប់មកហើយថា ក្រៅពីប្រទេសចិននោះ គឺប្រទេសវៀតណាមនេះហើយ ដែលជាដៃគូពាណិជ្ជកម្មធំបំផុត ទីពីររបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្ម កើនឡើងដល់ ២៤,៥% ដល់ទៅ ២,៣២ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បើតាមទិន្នន័យចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ។

ជាក់ស្តែង វៀតណាមក៏ជាទីផ្សារនាំចេញ ធំទីពីររបស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់ ១,៣៩ ពាន់លានដុល្លារក្នុងត្រីមាសទី១ កើនឡើង ៥៣%។ កម្ពុជាភាគច្រើន នាំចេញផលិតផលកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ដំឡូងមី ដូង និងកៅស៊ូទៅកាន់វៀតណាម។ ដោយឡែក កម្ពុជានាំចូលផលិតផលប្រេងចម្រាញ់ភាគច្រើន និងដែកឆៅពី ប្រទេសវៀតណាម ផងដែរ។

ទន្ទឹមនឹង ការនាំចេញទៅសហរដ្ឋអាមេរិកមាន ៣១,៧% ស្មើនឹង ២,០៤ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ការនាំចេញទៅវៀតណាមមានចំនួន ២២,២%។ ដោយឡែកការនាំចេញ ទៅប្រទេសចិនមានចំនួន ៣៦៦ លានដុល្លារកើនឡើង ១១,៤% ប៉ុន្តែវាមានត្រឹមតែ ៥,៨% នៃទីផ្សារនាំចេញ របស់កម្ពុជាប៉ុណ្ណោះ។

យ៉ាងណា កម្ពុជាក៏នាំចូលយ៉ាងច្រើនពី ប្រទេសវៀតណាមផងដែរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៩៣៤លានដុល្លារ នៅក្នុងត្រីមាសទី១ កន្លងទៅនេះ។ ការនាំចូលរបស់កម្ពុជា ពីប្រទេសចិនមានចំនួនទឹកប្រាក់ច្រើន រហូតដល់ ២,៨៤ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤។

ដូច្នេះហើយ បើតាមលទ្ធផលដែលទទួលបាននេះ គឺថា កម្ពុជាមានឱនភាពពាណិជ្ជកម្ម ២,៤៧ ពាន់លានដុល្លារជាមួយចិន ប៉ុន្តែកម្ពុជាមានអតិរេកពាណិជ្ជកម្ម ជាមួយវៀតណាមចំនួន ៤៥៨ លានដុល្លារ ទៅវិញ។