កម្ពុជា កំពុងពន្លឿនការចចារ ជាមួយប្រទេសចំនួន ៧ លើប្រធានបទនៃ ការបញ្ចៀសយកពន្ធត្រួតគ្នា (DTA) ដើម្បីជម្រុញទាក់ទាញ ការវិនិយោគបន្ថែម ពីបរទេស!


ភ្នំពេញ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៨ មេសាកន្លងទៅ បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងចរចាកិច្ចព្រមព្រៀង ស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ៧ទៀត ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ ជាមួយ ១១ប្រទេស រួចមកហើយ ដើម្បីជម្រុញការវិនិយោគផ្ទាល់ពីបរទេស។

បន្ថែមពីនេះ បើតាមប្រភពដដែល បានឱ្យដឹងថា ប្រទេសទាំង ០៧ ដែលកំពុងចចារនោះរួមមាន៖ ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។

គូសសម្គាល់ថា កិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែង ជាអន្តរជាតិទៀតផង។

ជាមួយគ្នានេះដែរ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជា ដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរួមមានជាអាទិ៍៖ ការផ្តល់វិធានការច្បាស់លាស់ ក្នុងការកំណត់សិទ្ធិ យកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួន ការទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយ វិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាង រដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហា ការគេចវេះពន្ធជាដើម។

គួរឲ្យដឹងផងដែរថា គិតមកទល់ពេលនេះ កម្ពុជា បានសម្រេចកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ១១រួចមកហើយ ដែលរួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។