កម្ពុជា ស្នើសុំឡាវ គាំទ្រលើគម្រោង ព្រែកជីកហ្វូណនតេជោ របស់ខ្លួន ខណៈឡាវក៏បង្ហាញ ការឆ្លើយតបវិជ្ជមានចំពោះសំណើរនេះ!


ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋឡាវ កាលពីថ្ងៃទី ២៣ មេសា នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានស្នើសុំការគាំទ្រពី ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋឡាវ សម្រាប់គម្រោងព្រែកជីក ហ្វូណនតេជោ របស់កម្ពុជា។

ក្នុងនោះ សម្តេចតេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាង ទន្លេបាសាក់ដើម្បី ទៅកាន់សមុទ្រកម្ពុជា តែប៉ុណ្ណោះ។

យ៉ាងណា បើតាមសេចក្តីប្រកាសព័ត៌មានបន្ថែម ដែលបានចេញផ្សាយបន្ទាប់ ពីជំនួបនោះ ឯកឧត្តមប្រធានរដ្ឋឡាវ បានសម្តែងការគាំទ្រ ចំពោះគម្រោងនេះ ដែលបានលើកឡើងដោយភាគីកម្ពុជា។

គួរឲ្យដឹងថា ក្រុមអ្នកជំនាញ ពិតជាបានសិក្សាយ៉ាងយកចិត្តទុកដាក់ លើគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងត្រូវបាន បើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ហើយត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែល៤ឆ្នាំ ដើម្បីសាងសង់ជាមួយនឹង ថវិកាប្រមាណ ១,៧ ពាន់លានដុល្លារ។

ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ នឹងចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ក្នុងជំនួបនោះផងដែរ សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋ បានផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈផ្សេងៗ ខណៈដែលមេដឹកនាំទាំងពីរ គឺជាមិត្តចាស់ ហើយធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី នៃប្រទេសរបស់ខ្លួន។

ឯកឧត្តម ប្រធានរដ្ឋឡាវបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសជិតខាង និងប្រជាជននៃប្រទេសទាំងពីរ។ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានកោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវផងដែរ។ សម្តេច ក៏បានជម្រាបជូនឯកឧត្តមប្រធានរដ្ឋ អំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន របស់កម្ពុជា ជាពិសេសសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេលប្រាំបីខែកន្លងមក ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលថ្មី ទៀតផង។