កម្ពុជា ទទួលបានទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មជិត ២០ ពាន់លានដុល្លារក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ កើនឡើង ១៣,៥៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន!


ភ្នំពេញ៖ ក្នុងឱកាស ប្រកាសសម្ពោធដាក់ដំណើរការ ជាផ្លូវការ នូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានធ្វើការបង្ហាញឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មមាន ចំនួនសរុបជិត ២០ពាន់លានដុល្លារ កើនឡើង ១៣,៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការរីកចម្រើន ផ្នែកបច្ចេកវិទ្យាផងដែរ។

ឯកឧត្តមបានបន្ថែមថា សម្រាប់ការដំណើរការរោងចក្រនេះ វានឹងក្លាយជាកម្លាំងដ៏ទាក់ទាញ សម្រាប់វិនិយោគិនបរទេសមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត ទៅលើវិស័យនេះ ក៏ដូចជាវិស័យអាទិភាពផ្សេងៗទៀត។

ស្របគ្នានោះដែរ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Toyota Tsusho Corporation ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនមិនត្រឹមតែនឹង ផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុង វិស័យយានយន្តផងដែរ ដោយគ្រោងបង្កើត សាលាបណ្ដុះបណ្ដាលតូយ៉ូតា ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ទៀតផង។

គូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ ដែលមានសមត្ថភាពដំឡើង រថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX។