Air Asia Cambodia នឹងប្រតិបត្តិការហោះហើរជាផ្លូវការ នៅសប្ដាហ៍ក្រោយ


ក្រុមហ៊ុនអាកាសចរណ៍ធំរបស់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាន ចេញពីប្រទេសម៉ាឡេស៊ី បានឈានជើងចូលមកកាន់ ទីផ្សារកម្ពុជានៅឆ្នាំ២០២៤ នេះ បន្ទាប់ពីបានពន្យារពេលអំឡុងវិបតិ្តជំងឺកូវីដ-១៩ ហើយការហោះហើរ សាកល្បងដំបូង នឹងត្រូវរៀបចំនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្តិករហោះហើរផ្លូវការ (AOC Certification) នឹងត្រៀមដំណើរការ ហោះហើរជាផ្លូវការ នៅថ្ងៃទី០២ ខែឧសភា សម្រាប់គោលដៅហោះហើរ ក្នុងស្រុក ភ្នំពេញ-សៀមរាប និងសៀមរាប-ព្រះសីហនុ។

យន្ដហោះដំបូងរបស់ក្រុមហ៊ុន អ៊ែរ អេស៊ា កម្ពុជា ដែលមកបានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាប្រភេទយន្ដហោះ Airbus A320-200 XU-819 ត្រូវបានដាក់ឈ្មោះថា នាគក្រហម មានពណ៌ក្រហម ខៀវ និងស ជាពណ៌ដែលបាន ដកស្រង់ចេញពីទង់ជាតិកម្ពុជា រំលេចទៅដោយ រូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត។ យន្ដហោះនេះ នឹងចាប់ផ្ដើមហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាង សៀមរាប-ព្រះសីហនុ ចំនួន ៤ ជើងក្នុងមួយថ្ងៃ ចំណែកឯការហោះហើរក្រៅប្រទេសវិញ នឹងចាប់ផ្ដើមនៅអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២៤។

លោក ណាំ វិសុទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរ អេស៊ា កម្ពុជា បានមានប្រសាសន៍ថា ការទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ មកកាន់ទីផ្សារកម្ពុជានេះ ក្រុមហ៊ុនមានគោលបំណង ផ្លាស់ប្ដូរការធ្វើដំណើរនៅកម្ពុជា ពោលគឺធ្វើអោយ ការធ្វើដំណើរតាមផ្លូវអាកាស មានវិសាលភាពទូលំទូលាយ និងជាផ្នែកមួយសំខាន់នៅក្នុងបណ្ដាញដឹកជញ្ជូនរបស់កម្ពុជា ស្របពេលដែល ការអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីៗ ខ្នាតអន្តរជាតិ កំពុងមានសន្ទុះ ឡើងយ៉ាងឆាប់រហ័ស និងមានតម្រូវការហោះហើរកើនឡើង។ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Air Asia រំពឹងថា AirAsia Cambodia អាចនឹងមានយន្ដហោះឡើងដល់ ១៥ គ្រឿងនាពេលខាងមុខ សម្រាប់បម្រើដល់ការហោះហើរ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទិសដៅសំខាន់ៗ ទាំងក្នុងស្រុក និងអន្តរជាតិ នឹងអាចចេញដំណើរក្នុងរយៈពេល ៤ ម៉ោងម្ដង។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ែរ អេស៊ា កម្ពុជា ត្រូវបានបង្កើតឡើងដោយ ការបណ្ដាក់ទុនវិនិយោគរួមគ្នា រវាងក្រុមហ៊ុន AirAsia Aviation Group និងក្រុមហ៊ុនបដិសណ្ឋារកិច្ច ស៊ីវិល័យ អាស៊ី សម្រាប់ផ្ដល់ជូនអ្នកដំណើរ នូវបទពិសោធន៍ហោះហើរផ្លូវអាកាស ដែលមានតម្លៃទាបសមរម្យ ជំរុញវិស័យទេសេចរណ៍ និងប្រព័ន្ធដឹកជញ្ជូន តាមផ្លូវអាកាសអោយបានទូលាយផងដែរ។