ត្រីមាសទី១ ក្នុងឆ្នាំ២០២៤ កម្ពុជា រកចំណូលបាន ៥៤៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដែលទីផ្សារធំបំផុតរបស់កម្ពុជា គឺវៀតណាម!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ពី សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា ដែលបានបង្ហាញឲ្យដឹងនាពេលថ្មីៗនេះថា កម្ពុជារកចំណូលបាន ៥៤៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងត្រីមាសទី១ឆ្នាំនេះកើនឡើង ១៣% បើធៀបនឹងឆ្នាំមុន។

បន្ថែមពីនេះ ប្រភពដដែលក៏បានអោយដឹងថា កម្ពុជាបាននាំចេញចំនួន ៤២៤ ០០០ តោន នៃគ្រាប់ស្វាយចន្ទីសរុបចំនួន ៤៧៤ ០០០ តោន ទៅកាន់ប្រទេសវៀតណាម។

ក្នុងនោះដែរ ប្រធានសមាគមគ្រាប់ស្វាយចន្ទី លោក អួន ស៊ីឡុត បាននិយាយថា ការនាំចេញគ្រាប់ស្វាយចន្ទី បានកើនឡើងដោយសារ តម្រូវការកើនឡើង នៅលើទីផ្សារអន្តរជាតិ។ ប្រទេសផលិតគ្រាប់ស្វាយចន្ទីមួយចំនួន បានរងផលប៉ះពាល់ដោយអាកាសធាតុ មិនអំណោយផល និងនេះអាចជាឱកាសដ៏ល្អសម្រាប់ កម្ពុជា ក្នុងការបង្កើនចំនួននៃការនាំចេញ។

លោកបានបន្តថា៖ «តម្លៃគ្រាប់ស្វាយចន្ទីទំនងជា នឹងបន្តកើនឡើងដោយសារ ផលប៉ះពាល់ដែលបណ្តាលមកពី បាតុភូទ El Nino លើប្រទេសផលិតគ្រាប់ស្វាយចន្ទី មួយចំនួននៅអាស៊ី និងអាហ្វ្រិក»។

គូសសម្គាល់ថា បច្ចុប្បន្ននេះ កម្ពុជា មានចម្ការស្វាយចន្ទីប្រមាណ ៧០០ ០០០ ហិកតា នៅក្នុងខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា នេះបើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅសម្រាប់ ឧស្សាហកម្មគ្រាប់ស្វាយចន្ទី ជាមួយនឹងការដាក់ចេញនូវ គោលនយោបាយជាតិគ្រាប់ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ ផែនទីបង្ហាញផ្លូវ ដ៏ទូលំទូលាយនេះត្រូវបានបង្កើតឡើង ដើម្បីជម្រុញគោលដៅយុទ្ធសាស្ត្រ សំខាន់ៗចំនួនបី ដែលមានដូចជា ផលិតកម្ម ការកែច្នៃ និងការនាំចេញ។

ការផលិតគ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុក បានកើនឡើងពី ៥ ទៅ១០% ចាប់តាំងពីគោលនយោបាយនេះ ត្រូវបានដាក់ឱ្យដំណើរការ នេះបើយោងតាម ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។

គួរឲ្យដឹងដែរថា កម្ពុជាជាប្រទេសផលិត គ្រាប់ស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែមានតែ ១០%នៃគ្រាប់ស្វាយចន្ទីប៉ុណ្ណោះ ដែលត្រូវបានកែច្នៃក្នុងស្រុក។ ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា បន្ថែមពីលើស្រូវ កៅស៊ូ ដំឡូងមី ដូងប្រេង ចេក ស្វាយ មៀនប៉ៃលិន និងម្រេច។