ព្រលានយន្ដហោះបាត់ដំបង គម្រោងអភិវឌ្ឍទៅជាអាកាសយានដ្ឋាន លំដាប់ថ្នាក់ 4C


ព្រលានយន្ដហោះបាត់ដំបង ដែលមានផ្ទៃដីធំរហូតដល់ជិត ១ ម៉ឺនហិកតា កំពុងស្ថិតនៅក្នុងដំណាក់កាល សិក្សាលទ្ធភាពស្ដារ និងអភិវឌ្ឍន៍ឡើងវិញ ទៅជាអាកាសយានដ្ឋានក្នុងស្រុក លំដាប់ថ្នាក់ 4C ដើម្បីអាចបម្រើវិស័យអាកាសចរណ៍ តំបន់ភាគពាយព្យ ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីគម្រោងនេះ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ស្នើអោយមានការសិក្សា កាលពីឆ្នាំ២០២០ ដើម្បីអាចសម្រេចអនុម័ត និងស្វែងរកថវិកាដើម្បីវិនិយោគ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់អោយដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អនុក្រឹត្យលេខ ៣២៨ អនក្រ.បក រាជរដ្ឋាភិបាលបានសម្រេចកំណត់ព្រំដីដែលមានស្រាប់ មានទីតាំងស្ថិតនៅភូមិសាស្ត្រអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង និងផ្នែកនៃស្រុកសង្កែ ខេត្តបាត់ដំបង ជាសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់អភិវឌ្ឍន៍ អាកាសយានដ្ឋានបាត់ដំបង ទៅជាព្រលានយន្ដហោះថ្នាក់តំបន់កម្រិត 4C។ ក្រៅពីរក្សាចំណីដី ព្រលានយន្ដហោះទុករួចហើយ រដ្ឋបាលអាកាសចរណ៍ស៊ីវិល ដោះស្រាយនូវផលប៉ះពាល់ និងផ្សព្វផ្សាយសម្រាប់ពលរដ្ឋដែលបានធ្វើស្រែចូលព្រំដីព្រលានយន្ដហោះ កំណត់សំណង់អគារ នៅតំបន់ព្រលានយន្ដហោះ និងការសិក្សាប្រព័ន្ធលូរំដោះទឹក ជុំវិញតំបន់ព្រលានយន្ដហោះ ជាដើម។

បច្ចុប្បន្ន អាកាសយានដ្ឋានបាត់ដំបង ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាព ចុះចតឧទ្ធម្ភាគចក្រ របស់មន្ត្រីជាន់ខ្ពស់ ធ្វើដំណើរមកកាន់ខេត្តបាត់ដំបង យូរៗម្ដងតែប៉ុណ្ណោះ មិនមានសកម្មភាព ផ្នែកអាកាសចរណ៍ទទួលចុះចត ឬហោះហើរយន្ដហោះ ខ្នាតធំតូចអ្វីនោះទេ។ ដូចនេះ ការអភិវឌ្ឍន៍ព្រលានយន្ដហោះបាត់ដំបង លំដាប់ថ្នាក់ 4C រំពឹងនឹងស្ដារវិស័យអាកាសចរណ៍ឡើងវិញ បង្កើនការដឹកជញ្ជូនផ្លូវអាកាស និងពង្រីកវិស័យទេសចរណ៍ នៃតំបន់ភាគពាយព្យផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានបាត់ដំបង ត្រូវបានស្ថាបនាឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានដាក់ដំណើរការនៅឆ្នាំ១៩៦៧ ដោយមានជើងហោះហើររវាង រាជធានីភ្នំពេញ និងក្រុងបាត់ដំបង។ ប៉ុន្តែក្រោយប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម នៅទសវត្សន៍៧០ ព្រលានយន្ដហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងនៅឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហម កាន់កាប់អំណាច។ ក្រោយឆ្នាំ១៩៧៩ ព្រលានយន្ដហោះនេះ បានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែបម្រើវិស័យយោធាប៉ុណ្ណោះ រហូតមកដល់ឆ្នាំ១៩៩១ ក៏ត្រូវបិទដំណើរការម្ដងទៀត រហូតមកទល់សព្វថ្ងៃ។