៧ខែចុងក្រោយនេះ កិច្ចការងារតម្លើងគ្រឹះថ្មីប្រាសាទជម ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា សម្រេចបានប្រមាណ ៨០% ក្រោយកន្លងមកគម្រោងនេះ ត្រូវបានផ្អាកជាច្រើនដង!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌ វប្បធម៌កូរ៉េ (KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូស ឱ្យមានភាពប្រសើរឡើង និងអាចឈរជើងបានឡើងវិញ។

ជាក់ស្តែង ក្នុងនោះដែរ លោក EO JINKYU ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្ត គម្រោងជួសជុលប្រាសាទជម បានឱ្យដឹងថា នេះគឺជាដំណាក់កាលនៃ ការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់ របស់ប្រាសាទឡើងវិញ ជាមុនសិន បន្ទាប់មក ទើបអាចរៀបចំ ផ្នែកខាងក្នុងនៃគ្រឹះ។

បន្ថែមពីនេះ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមាន ថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែសម្រាប់កន្លែងដែលមាន ថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយ ថ្មបាយក្រៀមថ្មី។

លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទ ខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញ ដែលដូនតាបានយកពី ប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើម នៃថ្មជាដើម។

គូសសម្គាល់ដែរថា ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែង ដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន ៨០% ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូក ចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។

រម្លឹកដែរថា គម្រោងជួសជុលប្រាសាទជមនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់ បច្ចុប្បន្ននេះ។