ប្អូនៗសិស្សានុសិស្សក្រីក្រជាង ៤០០នាក់ និងគណៈគ្រង់គ្រងនៃ អង្គការទ្រទ្រង់កុមារកម្ពុជា បង្ហាញក្ដីរំភើបរីករាយ ដែលទទួលបាននូវអគារថ្នាក់រៀនថ្មី និងសម្ភារៈសិក្សា ពី ប៉េង ហួត គ្រុប!


កំពង់ស្ពឺ៖ ប្អូនៗសិស្សានុសិស្សក្រីក្រ ប្រមាណជាង ៤០០នាក់ និងគណៈគ្រប់គ្រង អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា បង្ហាញពីក្ដីរំភើបរីករាយ ក្នុងការទទួលនូវអគារថ្នាក់រៀនថ្មី រួមជាមួយសម្ភារៈសិក្សា និងសម្ភារៈអនាម័យមួយចំនួនពី ប៉េង ហួត គ្រុប ខណៈការបរិច្ចាគនេះ គឺនឹងជួយសម្រួលបន្ទុកសិក្សា របស់ប្អូនៗជាសិស្ស និងភាពខ្វះខាតមជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដែលកំពុងផ្ដល់ការបណ្ដុះបណ្ដាល សេវាអប់រំឥតគិតថ្លៃ ដល់ប្អូនៗសិស្សានុសិស្សក្រីក្រ ប្រមាណជាង ៤០០នាក់ និងឱកាសការងារដល់ បុគ្គលិកគ្រូបង្រៀនជាជនពិការ ជាច្រើននាក់ផងដែរ។

គួរឲ្យដឹងផងថា កម្មវិធីនេះត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ ភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។      

គូសសម្គាល់ថា នេះគឺជាលើកទីពីរដែរ ប៉េង ហួត គ្រុប បរិច្ចាគសម្ភារៈសិក្សា និងសម្ភារៈអនាម័យ ដល់មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិ ទ្រទ្រង់កុមារកម្ពុជា ស្របពេលដែលក្នុងឆ្នំា២០២២ ប៉េង ហួត គ្រុប បានបរិច្ចាគការសាងសង់ អគារសិក្សាមួយខ្នង និងសម្ភារៈសិក្សា មួយចំនួនរួចមកហើយ។  ជាមួយគ្នានេះ ក្រុមហ៊ុនសង្ឃឹមថា អគារសិក្សា និងសម្ភារៈគាំទ្រការសិក្សានេះ នឹងចូលរួមចំណែក លើកកម្ពស់ការអប់រំ ហើយនឹងជួយការសិក្សា របស់ពួកគេឆ្ពោះទៅ សម្រេចគោលដៅនាថ្ងៃអនាគត។  

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជា បង្គោលទី១ ដែលផ្ដោតលើការរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់ សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹង តាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់ បរិច្ចាគនូវសម្ភារៈសិក្សា ដល់ប្អូនៗសិស្សានុសិស្សក្រីក្រ តាមតំបន់ខ្វះខាតជាច្រើនទៀត។ ខណៈការអប់រំ គឺជាថ្នាលបណ្តុះបណ្តាល ចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។  

សូមរំលឹកថា អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០០៦ និងទទួលស្គាល់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០០៦។ គោលបំណងដើម្បី ផ្ដល់មធ្យោបាយ តាមរយៈការផ្ដល់ការអប់រំឥតគិតថ្លៃ ដល់កុមារកម្ពុជា ជាមួយការអនុវត្តកម្មវិធី មត្តេយ្យសហគមន៍ កម្មវិធីសិក្សាភាសារអង់គ្លេស កម្មវិធីបណ្ដុះបណ្ដាល ជំនាញបំណិនជីវិត កម្មវិធីថែទាំសុខភាពបឋម កម្មវិធីអាហារូបករណ៍ និងកម្មវិធីសិទ្ធិកុមារ ជាដើម។

ដោយអង្គការធ្វើការផ្ដល់ មូលនិធិដោយផ្ទាល់ដល់កុមារ និងគ្រួសាររបស់ពួកគេ ឬ ដោយប្រយោលតាមរយៈ អង្គការក្នុងស្រុកនានា ដែលអនុវត្តកម្មវិធីមនុស្សធម៌ ដើម្បីធ្វើឱ្យប្រសើឡើងនូវ ជីវភាពរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ៕