គម្រោងស្តារប្រឡាយទឹក ១០ខ្សែ មានប្រវែង ២៦០ គ.ម ដើម្បីរំដោះ និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចការងារបានខ្ទង់ ៦០% ហើយ!


ភ្នំពេញ៖ បើយោង តាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានបង្ហាញឲ្យដឹង កាលពីថ្ងៃទី ០៤ ឧសភា កន្លងទៅបានឲ្យដឹងថា គម្រោងដោះទឹក និងពង្វាងទឹកចេញពី ភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែត្រ សម្រេចបាន ៦០% ហើយ។

ជាក់ស្តែង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព គម្រោងខាងលើ បានលើកឡើងថា ការជន់លិចតំបន់ ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានា ហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹក នៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោម អាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូប ក្នុងមួយវិនាទី។

លើសពីនេះដែរ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើន ពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។

ជាដំណោះស្រាយ គម្រោងពង្វាងទឹកនេះ គឺជាយុទ្ធសាស្ត្រក្នុងការដោះទឹក ឱ្យបានឆាប់ធ្លាក់ចូល ទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់វិញ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះ ទឹកជំនន់ទឹកភ្លៀងផងដែរ។

យ៉ាងណា ចំពោះការងារជីកស្តារប្រឡាយមេ ៩៦ និងព្រែកគង់ នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រ សង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានប្រវែង ៣៤គីឡូម៉ែត្រ សម្រេចបានប្រមាណ ៦៥%។

គួរឲ្យដឹងថា គម្រោងនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀង សម្រាប់បញ្ចៀសការជន់លិចក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ដើម្បីជួយរំដោះទឹក ផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពី ស្ទឹងព្រែកត្នោតត្រង់ ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ ផងដែរ។