កំពង់ផែអន្តរជាតិកំពត គ្រោងនឹងដាក់ដំណើរការនៅត្រីមាសទី៣ ក្នុងឆ្នាំនេះ ដែលវានឹងជាច្រកសំខាន់នៃនាវាចរណ៍ តភ្ជាប់ទៅកាន់ប្រទេសថៃ និងវៀតណាម ក៏ដូចជាពិភពលោកផងដែរ!


ភ្នំពេញ៖ បើយោងតាមការបង្ហាញឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលត្រូវបានសាងសង់ឡើង ដោយប្រើប្រាក់កម្ចីពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចាប់ផ្តើមប្រតិបត្តិការ នៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបម្រើជាច្រកសម្រាប់ នាវាទេសចរណ៍ដែលតភ្ជាប់ប្រទេសថៃ និងវៀតណាមជាមួយកម្ពុជា។

គួរឲ្យដឹងដែរថា ការសាងសង់កំពង់ផែនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយ ប្រាក់កម្ចីរបស់ ADB ចំនួនជាង ១០លានដុល្លារ ដែលជាផ្នែកនៃគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកប ដោយបរិយាបន្ននៅក្នុង មហាអនុតំបន់មេគង្គ (GMS)។

ដោយឡែក សម្រាប់បច្ចុប្បន្នភាពទាក់ទង នឹងការដាក់ឱ្យដំណើរការនេះ ត្រូវបានផ្តល់ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ៤ ឧសភា កន្លងទៅនេះ បន្ទាប់ពីមានការលើកឡើង ជុំវិញការពន្យារពេល ក្នុងការបើកកំពង់ផែ សម្រាប់ប្រតិបត្តិការ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំពង់ផែមិនទាន់អាច បើកដំណើរការឱ្យបានឆាប់ គឺដោយសារការពន្យារពេលក្នុង ការជ្រើសរើសក្រុមហ៊ុន សម្រាប់ប្រតិបត្តិការកំពង់ផែនេះ ក្រោមក្របខ័ណ្ឌភាពជាដៃគូរដ្ឋនិងឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និង ADB។ កំពង់ផែនេះក៏នឹងរួមចំណែកដល់សេដ្ឋកិច្ចរបស់ខេត្ត នៅពេលដំណើរការ។

ឯកឧត្តម បានបន្តថា “នៅពេលចាប់ផ្តើមដំណើរការ កំពង់ផែនេះនឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ដូចជា ការបង្កើតកំពង់ផែសមុទ្រអន្តរជាតិថ្មី សម្រាប់ប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់ ផ្តល់ឱកាសការងារ និងប្រាក់ចំណូលបន្ថែម សម្រាប់ប្រជាជន និងសហគ្រាសក្នុងស្រុកជាដើម។ បន្ថែមពីនេះ វាក៏ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។”

លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីធានាបាននូវនិរន្តរភាពនៃកំពង់ផែ ការងារបន្ថែមទៀតទាក់ទង នឹងការជីកផ្លូវទឹកកាន់តែជ្រៅ និងកាន់តែទូលំទូលាយ ការដំឡើងឧបករណ៍ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព នឹងត្រូវបញ្ចប់មុនពេល បើកដំណើរការ។ វិធានការទាំងនេះនឹងធានាថាកំពង់ផែទេសចរណ៍ ត្រូវតាមស្តង់ដារបច្ចេកទេសអន្តរជាតិ។

ដោយស្ថិតនៅក្នុងខេត្តជាប់មាត់សមុទ្រ កំពង់ផែនេះនឹងក្លាយជាផ្លូវទឹកអន្តរជាតិ ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក ដោយជម្រុញវិស័យទេសចរណ៍ក្នុងស្រុក ទៀតផង។