ការនាំចេញរបស់កម្ពុជា បានកើនឡើងជាមធ្យម ១៣,៣% នៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងកើនដល់ ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ២០២៣


ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធបញ្ជរតែមួយជាតិ នៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃ ៧ ឧសភាកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានធ្វើការគូសបញ្ជាក់ ឲ្យដឹងថា ក្នុងរយៈពេលប្រមាណ ៧ ឆ្នាំ ចន្លោះឆ្នាំ ២០១៧ ដល់ ២០២៣ ការនាំចេញរបស់កម្ពុជាបានកើនឡើងជាមធ្យម ១៣,៣% ហើយកើនដល់ ២៣,៤៧ ពាន់លានដុល្លារ ឬ ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ២០២៣។

ក្នុងនោះដែរ សម្តេចធិបតី បានចង្អុលបង្ហាញថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ និន្នាការនាំចេញ បានបន្តមានចលនាវិជ្ជមាន ដោយមានកំណើន ១៧,២%។

បន្ថែមពីនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក ការកែលម្អបរិយាកាសធុរកិច្ច ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បង ដោយបានដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងវិធានការកំណែទម្រង់ ព្រមទាំងស្តង់ដារ បទដ្ឋានគតិយុត្ត ដើម្បីកែលម្អការអនុវត្តជាក់ស្តែង។

យ៉ាងណា ជាលើកដំបូង ដែលកម្ពុជា មានអតិរេកពាណិជ្ជកម្ម នៅក្នុងសមតុល្យពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ របាយការណ៍ផ្លូវការបង្ហាញថា ចំណូលនាំចូល-នាំចេញសរុប ក្នុងអំឡុងខែមករា ដល់ខែមីនា ឈានដល់ ១២,៤៩ ពាន់លានដុល្លារ កើនឡើង ១១,៩% ធៀបនឹងរយៈពេលមួយឆ្នាំ ដែលក្នុងនោះ ៦ ២៦១ លានដុល្លារ បានមកពីការនាំចេញ និង ៦ ២៣៤ លានដុល្លារ បានមកពីការនាំចូល។

គូសសម្គាល់ដែរថា ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាវិស័យផ្តល់ប្រាក់ចំណូល ធំបំផុតសម្រាប់កម្ពុជា។ ផលិតផលនាំចេញផ្សេងទៀត គឺជាផលិតផលមិនមែនកាត់ដេរ ដែលមានដូចជា គ្រឿងបន្លាស់អេឡិចត្រូនិច ផលិតផលកសិកម្ម កង់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ជាដើម។