ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសពី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) កាលពីថ្ងៃទី ៧ ឧសភាកន្លងទៅបានឲ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញ ការវិនិយោគក្នុងទុនសរុបប្រមាណ ៣០៩ លានដុល្លារអាមេរិកនៅក្នុងខែមេសា កន្លងទៅនេះ។ CDC ក៏បានឲ្យដឹងបន្ថែមថា ក្នុងនោះមានគម្រោងវិនិយោគចំនួន ២២ ដែលអាចបង្កើតការងារបានប្រហែល ២៣ ០០០ កន្លែង សម្រាប់ប្រជាពលរដ្ឋ។
ប្រភពដដែល ក៏បានបន្ថែមថា គម្រោងថ្មីទាំងនោះគឺផ្តោតលើ វិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ឧស្សាហកម្មផលិតសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាដើម។
ក្នុងនោះ CDC បាននិយាយថា “ប្រហែល ៩៨,០២% នៃដើមទុនវិនិយោគក្នុងខែមេសា កន្លងទៅនេះ គឺបានមកពីប្រទេសចិន, ១,០៣% បានមកពីប្រភពក្នុងស្រុក និង ០,៩៥% បានមកពីប្រទេសឥណ្ឌា។”
ដូចគ្នានេះដែរ បើយោងតាម CDC ក្នុងអំឡុងពេលខែមករា ដល់ខែមេសា កម្ពុជា បានទទួលការវិនិយោគ សរុបប្រហែល ២,៥ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) និងច្បាប់ថ្មីរបស់កម្ពុជា ស្តីពីការវិនិយោគ គឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ហូរចូលប្រទេស។
ឯកឧត្តម បានប្រាប់ឲ្យដឹងបន្ថែមថា "ទាំង RCEP និង CCFTA គឺជាមេដែក ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា" ដោយបន្ថែមថាទុនវិនិយោគពីបរទេស ជាពិសេសបានមកពីប្រទេសចិន មានសារៈសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។