រថភ្លើងល្បឿនលឿនរបស់ជប៉ុន Kiha-183 ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញ ត្រូវបានដាក់សាកល្បងហើយ នឹងត្រៀមដាក់ដំណើរការឆាប់ៗសម្រាប់រថភ្លើង ភាគនិរតី ភ្នំពេញ-ព្រះសីហនុ តម្រូវអោយរត់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងក្លាយទៅជារថភ្លើងល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ចំណែកផ្លូវដែកភាគពាយព្យនឹងត្រូវរត់ក្នុងល្បឿន ៣០-៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅតាមស្ថានភាពផ្លូវ។
យោងតាមការធ្វើតេស្ដសាកល្បង របស់ក្រុមហ៊ុន Royal Railway Cambodia បានបង្ហាញថា រថភ្លើងល្បឿនលឿន Kiha-183 មានសមត្ថភាពរត់បានដល់ល្បឿនអតិបរមា ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឡែកយោងតាម ស្ថានភាពផ្លូវដែកនៅកម្ពុជា រថភ្លើងនេះនឹងរត់បានត្រឹម ៨០ គីឡូម៉ែត្រក្នុងម៉ោងប៉ុណ្ណោះសម្រាប់ភាគនិរតី ដោយមានការកែសម្រួល ប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មីលីម៉ែត្រ មកត្រឹម ១០០០ មីលីម៉ែត្រ រួចរាល់ចំនួន ៤ គ្រឿង អោយសម្របទៅតាម ស្ថានភាពផ្លូវដែកនៅកម្ពុជា ដើម្បីធានានូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តភាព ហើយនឹងត្រៀមដាក់ដំណើរការ ជាផ្លូវការនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ នេះតែម្ដង។
សូមបញ្ជាក់ផងដែរថា រថភ្លើង Kiha-183 ត្រូវបានក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីក្រុមហ៊ុន JR Hokkaido Railway ចំនួន ១១ ទូររថភ្លើង នឹងអាចផ្ទុកអ្នកដំណើរ បានរហូតដល់ ៧០០ នាក់ ដោយរថភ្លើងទាំងនេះ នឹងត្រូវបែងចែក ៤ គ្រឿងសម្រាប់ភ្នំពេញ-ព្រះសីហនុ ដោយឆ្លងកាត់ខេត្តតាកែវ កែប និងខេត្តកំពត។
រថភ្លើងដាក់ដំណើរការឆាប់ៗនេះ ជាប្រភេទរថភ្លើងទេសចរណ៍ ចេញដំណើរ ២ ជើងក្នុងមួយថ្ងៃ (ម៉ោង ៧ ព្រឹក និងម៉ោង ៨ ព្រឹក) ដោយបំពាក់កៅអីពិសេស (First Class) មានម៉ាស៊ីនត្រជាក់ បន្ទប់ទឹកស្អាត និងបន្ថែមកៅអី សម្រាប់គេងយប់ផងដែរ ចំណែកតម្លៃវិញ ក្រុមហ៊ុននឹងជូនដំណឹង ពេលក្រោយទៀត។