ភ្នំពេញ៖ បើយោងតាមដំណឹង ដែលទទួលបានដោយផេកហ្វេសបុកផ្លូវការ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងខណៈដែល សម្តេចធិបតី បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប គឺគម្រោងនេះ ត្រូវបានសម្រេចការសាងសង់បាន ៧៦% ហើយ។
គម្រោងនេះត្រូវអនុវត្តជា បីជំហាន ដោយបច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដែលបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ មក ហើយគ្រោងបញ្ចប់នៅ ដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ជាក់ស្តែង ការងារសំខាន់ៗរបស់គម្រោងរួមមាន ការស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង។ គម្រោងនេះ គ្រោងប្រើប្រាស់ថវិកាជាតិ ប្រមាណ ៤០០ លានដុល្លារ។
ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងការងារ សម្តេចធិបតីអញ្ជើញ ពិនិត្យការងារដូចជា៖
១) ការងារសាងសង់សំណង់ទ្វារទឹក និងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោត ក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២) ការងារសាងសង់ស្ថានីយបូមទឹក សាក់សំពៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង
និងទី ៣) ការងារស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ប្រព័ន្ធនេះមានសក្តានុពល ដោះទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅបានប្រមាណ ៥១៥ ម៉ែត្រគូបក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រគូបក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ ប្រមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី និងព្រែកថី ប្រមាណ ១០០ម៉ែត្រគូបក្នុង១វិនាទី ដែលគិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%។
គូសសម្គាល់ថា គម្រោងដ៏ធំ និងពោពេញដោយគុណប្រយោជន៍មួយនេះ នឹងជួយសម្រួលបញ្ហាលិចស្ទះ រាជធានីភ្នំពេញ ដោយជំនន់ទឹកភ្លៀង និងអាចពង្វាងទឹកទាំងនោះ ទុកសម្រាប់បម្រើដល់ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ ព្រមទាំងអាចភ្ជាប់គមនាគមន៍ ពីក្នុងតំបន់គម្រោងមកខាងក្រៅ បង្កើតបានតំបន់ទេសចរណ៍បានមួយចំនួន និងប្រព័ន្ធជីវចម្រុះ បង្កើនបាននូវសក្តានុពល នៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ ផងដែរ។