ការនៅទ្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យ អាចទាញកំណើនសេដ្ឋកិច្ចកម្ពុជា ថយមកត្រឹម ៥,៣% នៅឆ្នាំ២០២៤


នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ធនាគារពិភពលោក បានធ្វើបច្ចុប្បន្នភាព ស្ថានភាពសេដ្ឋកិច្ចឡើងវិញ ដោយបូកសរុបរបាយការណ៍ ៣ ត្រីមាសកន្លងទៅ ឃើញថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចនៅរក្សាកំណើន គួរអោយកត់សម្គាល់ ប៉ុន្តែមិនអាចមានសន្ទុះដល់ ៥,៨% ដូចការព្យាករណ៍ កាលពីមេសា នោះទេ ពោលគឺស្ថិតនៅត្រឹមអត្រាកំណើន ៥,៣% ប៉ុណ្ណោះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យសំណង់ និងអចលនទ្រព្យ។

ក្នុងរបាយការណ៍ធនាគារពិភពលោក បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានពឹងផ្អែកយ៉ាងខ្លាំងលើ ឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ។ ក្នុងចំណោមវិស័យទាំងនោះ ការនាំចេញផលិតផលឧស្សាហកម្ម និងកសិកម្ម មានសន្ទុះល្អប្រសើរ នៅឆ្នាំ២០២៤ ខណៈវិស័យទេសចរណ៍ វិញ ក៏កំពុងវិលត្រលប់ទៅ ចំនួនតួរលេខ មុនពេលវិបត្តិជំងឺកូវីដ-១៩ ផងដែរ។ ប៉ុន្តែវិស័យសំណង់ និងអចលនទ្រព្យ ស្ថិតនៅទ្រឹង ហើយប្រឈមវិបត្តិថមថយសន្ទុះ គួរអោយកត់សម្គាល់ និងត្រូវការរយៈពេលវែង ដើម្បីស្ដារឡើងវិញ។

លោក Hoe Ee Khor សេដ្ឋវិទូជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ច AMRO បង្ហាញថា វិស័យសំណង់នៅកម្ពុជា អាចនឹងត្រលប់មក ដូចមុនវិបត្តិកូវីដវិញ ត្រូវការរយៈពេលយូរ ដោយសារធ្លាក់ចុះសន្ទុះខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ យ៉ាងណាមិញ ការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធ អាចជួយទ្រទ្រង់ផ្នែកខ្សោយមួយចំនួន នៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

បន្ថែមពីនេះ ធនាគារពិភពលោក ក៏មើលឃើញពី កំណើនឥណទាន បានថយចុះមកត្រឹម ៣,៩% ក្នុងឆ្នាំ២០២៣ ក្រោមឥទ្ធិពលនៃ វិបត្តិសេដ្ឋកិច្ចពិភពលោក ធ្វើអោយអត្រាប្រាក់ខ្ពស់ បំណុលកើនឡើង និងសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺតយ៉ាវ ដែលនាំអោយ ហានិភ័យលើកម្ចីអចលនទ្រព្យ បានកើនឡើងដល់ ៣២,៥% នៃផលប័ត្រឥណទានរបស់វិស័យធនាគារ។

 

ប្រភព៖ ធនាគារពិភពលោក