សំណង់ស្ពានខ្សែកាប ដែលសង់គម្លាតបង្គោលខ្សែកាបពីគ្នា វែងបំផុតលើពិភពលោក


ស្ពានខ្សែកាប ស្ថិតក្នុងចំណោម សំណង់ស្ពានចំណាយថវិកា សាងសង់ច្រើនបំផុត ដែលភាគច្រើនបច្ចេកទេស សំណង់ទំនើបនេះ មានអត្ថប្រយោជន៍ចំពោះ ការធ្វើនាវាចរណ៍ដឹកទំនិញ ដោយសារកម្ពស់ខ្ពស់ ហើយគម្លាតពីបង្គោលខ្សែកាបមួយទៅមួយទៀត មានប្រវែងវែង។ លើសពីនេះ ស្ពានខ្សែកាប ជាសំណង់ស្រស់ស្អាត មិនសូវប៉ះពាល់អេកូឡូស៊ីក្នុងទឹក ទម្ងន់ស្រាល អាចសាងសង់ប្រវែងវែងឆ្លងកាត់ទន្លេ ឬដៃសមុទ្រចម្ងាយឆ្ងាយ ដោយពុំចាំបាច់ប្រើសរសរគ្រឹះ ឬបង្គោលច្រើនឡើយ ពោលខ្សែកាបគឺជាផ្នែកដ៏សំខាន់ សម្រាប់ទ្រទ្រង់ទម្ងន់ស្ពាន។

ខាងក្រោមនេះ គឺជាស្ពានខ្សែកាប ដែលរក្សាគម្លាតពីបង្គោលខ្សែកាបមួយ ទៅមួយទៀត ឆ្ងាយបំផុត៖

១. ស្ពាន 1915 Çanakkale Bridge ប្រទេសតួកគី

ស្ពាន 1915 Çanakkale បានក្លាយទៅជាស្ពានខ្សែកាប ដែលមានគម្លាតបង្គោលខ្សែកាប ឆ្ងាយពីគ្នាបំផុតលើលោក បន្ទាប់ពីបើកប្រើប្រាស់នៅឆ្នាំ២០២២ ដោយគម្លាតពីបង្គោលមួយ ទៅមួយទៀត មានប្រវែងដល់ ២ ០២៣ ម៉ែត្រ។ ស្ពាននេះ ចំណាយថវិកាប្រហែល ២,៧ ពាន់លានដុល្លារ សាងសង់ឆ្លងកាត់ច្រកសមុទ្រ Dardanelles ប្រទេសតួកគី ហើយក៏ជាស្ពានមានបង្គោលខ្ពស់បំផុតនៅប្រទេសតួកគីដែរ បង្គោលកម្ពស់ ៣៣៤ ម៉ែត្រ។

២. ស្ពាន Akashi Kaikyo ប្រទេសជប៉ុន

ស្ពាននេះ ត្រូវបានគេស្គាល់ថាជាស្ពានគុជ ឬ Pearl Bridge ដែលតភ្ជាប់រវាងកោះ Awaji និងកោះ Honshu ប្រទេសជប៉ុន។ ចន្លោះពីបង្គោលមួយ ទៅបង្គោលមួយទៀត មានប្រវែង ១ ៩៩១ ម៉ែត្រ បានបើកការដ្ឋានសាងសង់នៅឆ្នាំ ១៩៨៨ និងបញ្ចប់នៅឆ្នាំ ១៩៩៨ ក្លាយជាស្ពានមានប្រវែងបង្គោល ខ្សែកាបវែងបំផុតលើលោក រហូតមកដល់ឆ្នាំ ២០២២។

៣. ស្ពាន Yangsigang ប្រទេសចិន

ស្ពាន Yangsigang ស្ថិតនៅទីក្រុងវូហាន ប្រទេសចិន ជាស្ពានខ្សែកាប ២ ជាន់វែងបំផុតលើលោក ហើយជាស្ពានដ៏សំខាន់ឆ្លងកាត់ ទន្លេយ៉ាងជឺ សម្រាប់តភ្ជាប់រវាងសង្កាត់ Hangyang និង Wuchang។ ស្ពាននេះ បានសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១៩ មានប្រវែងខ្សែកាប ពីបង្គោលមួយទៅមួយទៀត ១ ៧០០ ម៉ែត្រ ផ្នែកខាងលើអាចបើកបរ បានរថយន្ដចំនួន ៦ គន្លង ចំណែកផ្នែកខាងក្រោម មានផ្លូវម៉ូតូ និងផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្ដ។

៤. ស្ពាន Nansha ប្រទេសចិន

ស្ពាន Nansha ឆ្លងកាត់ទន្លេ Pearl River នៃខេត្តក្វាងទុង ប្រទេសចិន បានបើកដំណើរការនៅឆ្នាំ ២០១៩ ហើយក៏ក្លាយជាផ្នែកមួយ នៃការសាងសង់ផ្លូវល្បឿនលឿនក្វាងចូវ-ឡុងឈួន ផងដែរ។ ស្ពាននេះ មានចន្លោះពីបង្គោលខ្សែមួយទៅមួយទៀត ប្រវែង ១ ៦៨៨ ម៉ែត្រ មានប្រវែងសរុប ១២,៨ គីឡូម៉ែត្រ និងទទឹង ៥៤ ម៉ែត្រ អាចបើកបរបាន ៨ គន្លងរថយន្ដ ដែលអាចតភ្ជាប់ ចរាចរណ៍បានយ៉ាងរលូន។

៥. ស្ពាន Xihoumen ប្រទេសចិន

ស្ពាននេះ បានចាប់ផ្ដើមសាងសង់ នៅឆ្នាំ២០០៥ បើកដំណើរការនៅឆ្នាំ២០០៩ ដោយចំណាយទឹកប្រាក់ប្រមាណ ៣៦៣ លានដុល្លារ ជាផ្នែកមួយនេះ គម្រោងផ្លូវល្បៀនលឿនយ៉ុងចូវ។ ស្ពាននេះ មានគម្លាតបង្គោលខ្សែកាបប្រវែង ១ ៦៥០ ម៉ែត្រ។

៦. ស្ពាន The Great Belt ប្រទេសដេណឺម៉ាក

ស្ពាន The Great Belt បានតភ្ជាប់កោះ Zealand និងកោះ Funen ប្រទេសដេណឺម៉ាក ដែលមានប្រវែងសរុប ៦ ៧៩០ ម៉ែត្រ និងមានគម្លាតបង្គោល ខ្សែកាបពីគ្នា ប្រវែង ១ ៦២៤ ម៉ែត្រ។ ត្រូវបានសាងសង់នៅឆ្នាំ១៩៩១ និងបញ្ចប់នៅឆ្នាំ១៩៩៨ ស្ពាននេះ ចំណាយថវិកាប្រហែល ៣១០ លានដុល្លារ នៅពេលនោះ ហើយបានបម្រើចរាចរណ៍ យ៉ាងសំខាន់ក្នុងខ្សែក្រវាត់ផ្លូវគោក និងចរាចរណ៍នាវាដឹកទំនិញ។

៧. ស្ពាន Osman Gazi ប្រទេសតួកគី

ស្ពាននេះ បានសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១៦ មានប្រវែងសរុប ២ ៦៨២ ម៉ែត្រ និងមានចន្លោះបង្គោល ខ្សែកាបវែងបំផុត ក្នុងប្រទេសតួកគីនៅពេលនោះ ជាមួយគម្លាតប្រវែង ១ ៥៥០ ម៉ែត្រ។ ស្ពាននេះ ដើរតួនាទីសំខាន់ សម្រាប់កាត់បន្ថយរយៈចម្ងាយធ្វើដំណើរ ពីខេត្ត Gebze និងខេត្ត Yalova មកត្រឹម ១៥ នាទីប៉ុណ្ណោះ ដែលពីមុនគេត្រូវជិះវាង រហូតដល់ ១៤០ គីឡូម៉ែត្រ តាមផ្លូវគោក។

៨. ស្ពាន Yi Sun-Sin ប្រទេសកូរ៉េខាងត្បូង

ស្ពាន Yi Sun-Sin ស្ថិតនៅទីក្រុង Yeosu ជាផ្នែកមួយ នៃតំបន់ឧស្សាហកម្ម Yeosu បានបើកដំណើរការនៅឆ្នាំ ២០១២ មានប្រវែងសរុប ២ ២៦០ ម៉ែត្រ ហើយចន្លោះពីបង្គោលស្ពានមួយទៅមួយទៀត មានប្រវែង ១ ៥៤៥ ម៉ែត្រ តភ្ជាប់ពីតំបន់ Gwangyang ទៅកាន់កោះ Myodo-Dong។ ក្រោយការបញ្ចប់គម្រោងសាងសង់ស្ពាននេះ ក្រុមហ៊ុនសាងសង់ ក៏ទទួលបានពានរង្វាន់ Outstanding Structure Award ក្នុងឆ្នាំ២០១៣ ជាសំណង់ស្ពានទំនើបបំផុត នៅប្រទេសកូរ៉េខាងត្បូងផងដែរ។

៩. ស្ពាន Runyang ប្រទេសចិន

ស្ពាននេះ ស្ថិតនៅខេត្តជាំងស៊ូ ឆ្លងកាត់ទន្លេយ៉ាងជឺ ប្រទេសចិន ហើយជាផ្នែកមួយនៃ គម្រោងផ្លូវល្បឿនលឿន យ៉ាងចូវ-លីយ៉ាង។ គម្រោងនេះ បានចាប់ផ្ដើមនៅឆ្នាំ២០០០ និងបើកចរាចរណ៍នៅឆ្នាំ២០០៥ ដែលចំណាយថវិកាប្រមាណ ៧០០ លានដុល្លារ ដែលហេដ្ឋារចនាសម្ព័ន្ធស្ពានទាំងមូល មានប្រវែងជាង ៣៥ គីឡូម៉ែត្រ ចំណែកចន្លោះពីបង្គោលខ្សែកាប មួយទៅមួយទៀត មានប្រវែង ១ ៤៩០ ម៉ែត្រ។

១០. ស្ពាន Hang-Rui Dongting ប្រទេសចិន

ស្ថិតនៅក្នុងខេត្តហួណាន ប្រទេសចិន ឆ្លងកាត់ទន្លេយ៉ាងជឺ និងដៃបឹង Dongdongting ស្ពាននេះជាផ្នែកមួយនេះ ផ្លូវល្បឿនលឿន Hangzhou-Ruili Expressway។ ស្ពាននេះ មានប្រវែងសរុប ៥ ៧៨៨ ម៉ែត្រ និងមានប្រវែងខ្សែកាបសរុប ៤ ៤២៦ ម៉ែត្រ ដោយចន្លោះបង្គោលខ្សែកាប មួយទៅមួយទៀត មានប្រវែង ១ ៤៨០ ម៉ែត្រ។

 

ប្រភព៖ Road Traffic Technology