សាលារាជធានីភ្នំពេញ ត្រៀមរៀបចំផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈក្នុងពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ សកម្មភាពដឹកអ្នកដំណើរនៃរថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ កំពុងតែមម៉ាញឹក ស្របពេលដែលកំណើនប្រជាជនកើនឡើង និងមានតម្រូវការខ្ពស់ក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសជាសាធារណៈអំពីគម្រោងរៀបចំឲ្យមានផ្លូវអាទិភាពថ្មី សម្រាប់ដាក់ឲ្យរថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។

ការប្រកាសពីគម្រោងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។ ស្ថិតក្នុងគម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំណុចប្រសព្វរវាងមហាវិថីព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុងគោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះ គឺចង់អោយសេវាសាធារណៈ នៅរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរឡើង និងផ្ដល់នូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដែលចំនាយពេលវេលាខ្លី។

ជុំវិញសេចក្ដីប្រកាសនេះ សាលារាជធានីភ្នំពេញ ត្រៀមនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ  ដោយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុននេះឯង។ ក្នុងនោះផងដែរទឹកប្រាក់ សម្រាប់យកមកអនុវត្តនៅក្នុងគម្រោងមួយនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសាតែសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធថ្មីៗបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី ៣០,០០០នាក់ក្នុងមួយថ្ងៃ៕

 

ប្រភព៖ សាលារាជធានីភ្នំពេញ