ធនាគារជាតិថៃ ព្យាករណ៍សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៥.៣% នៅឆ្នាំ ២០២០!

ធនាគារជាតិថៃ The Bank of Thailand បានធ្វើការព្យាករណ៍សេដ្ឋកិច្ចនៅក្នុងប្រទេសខ្លួនថានឹងរួញតូចជាងឆ្នាំមុនប្រហែល ៥.៣% បន្ទាប់ពីរយៈពេល ១ ត្រីមាសដំបូង ២០២០ សេដ្ឋកិច្ចថៃបានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាន គិតតាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ មក។ វិបត្តិដែលធំបំផុតកំពុងវាយប្រហារសេដ្ឋកិច្ចថៃ គឺមេរោគកូរ៉ូណានេះតែម្ដង។ 

ជាដំបូងសូមបញ្ជាក់ថា ធនាគារជាតិថៃបានព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីដើមឆ្នាំថា អាចមានកំណើនឡើង ២.៨% សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ។ លោក Don Nakornthab នាយកជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចនិងគោលនយោបាយ នៅធនាគារថៃ បានឲ្យដឹងថា បច្ចុប្បន្ននេះមេរោគកូរ៉ូណា បានសម្លាប់វិស័យធំៗចំនួន ២ គឺទេសចរណ៍ និងពាណិជ្ជកម្ម ការនាំចេញអន្តរជាតិ។ បច្ចុប្បន្ន ក្បាលម៉ាស៊ីនសេដ្ឋកិច្ចថៃដំណើរការទៅមុខបាន ដោយសារតែវិស័យរដ្ឋ ចំណែកវិស័យឯកជនងាយរងគ្រោះដោយសារមេរោគកូរ៉ូណា។ ការវិនិយោគអាចធ្លាក់ចុះពី ៦.៣% មកដល់ ៥.៧% ការនាំចូលរំពឹងកើនឡើងចន្លោះពី ១.៤% ទៅដល់ ១៥% ចំណែកឯការនាំចេញវិញរំពឹងថយចុះចន្លោះពី ០.៥% ទៅដល់ ៨.៨%។ ធនាគារថៃបានបង្ហាញថា កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ ការវិនិយោគវិស័យឯកជនបានកើនឡើង ៣.៤% ខណៈឆ្នាំនេះវាអាចនឹងធ្លាក់ចុះ ៤.៣% ព្រោះវិនិយោគិនភាគច្រើនពីប្រទេសចិន។

ក្រសួងសុខាភិបាលសាធារណៈថៃ រំពឹងថាតួរលេខនៃអ្នកឆ្លងជំងឺកូរ៉ូណា នឹងអាចទប់ស្កាត់ជាប់នៅត្រឹមត្រីមាសទី ២ ចន្លោះខែមេសា និងឧសភា ប្រសិនបើប្រជាជនថៃចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត Social Distancing ជាពិសេសគឺត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងប្រទេស។ នៅពេលដែលគេអាចទប់ស្កាត់ការឆ្លងបាន នោះជាឱកាសក្នុងការបើកវិស័យទេសចរណ៍ឡើងវិញ ដែលវានឹងជួយដល់សេដ្ឋកិច្ចជាតិ។ ធនាគារថៃ ក៏ព្យាករណ៍ដែលថាឆ្នាំ ២០២១ សេដ្ឋកិច្ចថៃនឹងអាចមានកំនើនឡើងខ្ទង់ ៣% សម្រាប់ពេលនេះ គឺត្រូវដុតដៃដុតជើង កាត់បន្ថយចំនួនអ្នកឆ្លងឲ្យនៅតិចបំផុត។