អគ្គិសនីកម្ពុជា ដាក់ដំណើរការខ្សែបញ្ជូន និងអនុស្ថានីយអគ្គិសនី ២៣០ គីឡូវ៉ុល ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី៖ អាជ្ញាធរអគ្គិសនីកម្ពុជា ទើបតែដាក់ឲ្យដំនើរការនូវសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធជាតិថ្មីស្រឡាងមួយទៀត លើវិស័យថាមពល ប្រចាំខេត្តរតនគិរី នោះគឺការបើកឲ្យប្រើប្រាស់ខ្សែបញ្ជូនអគ្គិសនី (ភ្លើងឆៅ) ២៣០ គីឡូវ៉ុល ដែលភ្ជាប់ពីវារីអគ្គិសនីទន្លេសេសាន ទៅកាន់ខេត្តរតនគិរី ដែលមានចម្ងាយ ១០២ គីឡូម៉ែត្រ និងការបើកដំណើរការអនុស្ថានីយ រតនគិរីទីមួយ ២៣០/២២គីឡូវ៉ុល កម្លាំង ៥០ មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងខេត្តទាំងមូល។ 

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិមួយនេះ ជាប្រភពផ្គត់ផ្គង់ថាមពលថ្មីសម្រាប់ប្រើប្រាស់នៅក្នុងខេត្តរតនគិរីទាំងមូល និងផ្នែកខ្លះទៀតនៃខេត្តមណ្ឌលគិរី ដែលកន្លងមក ការប្រើប្រាស់អគ្គិសនីនៅក្នុងខេត្តនេះ ពឹងផ្អែកស្ទើរទាំងស្រុងពីអគ្គិសនីនាំចូលពីប្រទេសវៀតណាម តាមរយៈខ្សែតង់ស្យុងមធ្យមកម្រិត ៣៥ គីឡូវ៉ុល មានចម្ងាយ ១០០ គីឡូម៉ែត្រ ប៉ុន្តែការបញ្ជូនថាមពលមានបញ្ហារអាក់រអួលជារឿយៗ។

ចាប់ពីការសម្ពោធដំណើរការខ្សែបញ្ជូន និងអនុស្ថានីយអគ្គិសនី រតនគិរី ទី១ នេះរួចរាល់ ខេត្តរតនគិរី នឹងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ និងល្អប្រសើរជាងមុន ពិសេសគឺទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ផងដែរ ព្រោះខេត្តនេះមានធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់ការអភិវឌ្ឍន៍។ 

សូមបញ្ជាក់ផងដែរថា អគ្គិសនីកម្ពុជា ក៏បាននិងកំពុងសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០ គីឡូវ៉ុល ភ្ជាប់ពីខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរីមួយខ្សែទៀត ដែលគ្រោងដាក់ដំណើរការនៅចុងឆ្នាំ ២០២០ នេះផងដែរ។