អាកាសយានដ្ឋានអន្តរជាតិហ្វីលីពីន ត្រៀមបើកទទួលភ្ញៀវកាន់តែប្រសើរជាងមុន នាថ្ងៃស្អែកនេះ

ម៉ានីល៖ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងទីក្រុងម៉ានីល បានសម្រេចបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញកាលពីពេលកន្លងទៅ នៅពេលនេះរដ្ឋាភិបាលហ្វីលីពីន បានកំពុងរៀបចំបើកកន្លែងទទួលភ្ញៀវមួយបន្ថែមទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែកនេះតែម្ដង។

អាកាសយានដ្ឋានអន្តរជាតី Ninoy Aquino International Airport របស់រដ្ឋធានីម៉ានីល បានប្រកាសជាផ្លូវការថា នឹងបើកកន្លែងទទួលភ្ញៀវថ្មីមួយបន្ថែមទៀត (Terminal) ដើម្បីព្រីកបន្ថែម នូវការស្វាគមណ៍ និងទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះមួយនេះឱ្យបានកាន់តែច្រើន និងសំបូរបែបជាងមុន។ ការបើក Terminal មួយទៀតនេះ គឺជា Terminal ទី៣ ដែលអនុញ្ញាតឱ្យមានការហោះហើរ ពីអន្តរជាតិ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ អាចធ្វើការប្រើប្រាស់ Terminal ថ្មីនេះបាន គិតចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។ រាល់ក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានការអនុញ្ញាតកន្លងទៅ នៅតែបន្តការប្រើប្រាស់ Terminal ដដែល។

ការបើកឱ្យប្រើប្រាស់បន្ថែមនូវកន្លែងទទួលភ្ញៀវនេះ ត្រូវបានឱ្យដឹងថា គឺជាការសម្រួលទៅដល់ការមកដល់ និងចេញដំណើរនៅក្នុងអាកាសយានដ្ឋាន ដែលមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិមួយនេះបើកដំណើរការឡើងវិញ។ រាល់អ្នកឆ្លងកាត់ មិនថាអ្នកទេសចរណ៍ បុគ្គលិក ក្រុមហ៊ុន ឬដៃគូរសហការណ៍នោះទេ ត្រូវស្ថិតក្រោមការគ្រប់គ្រង និងរឹតបន្តឹងអនាម័យបំផុត ដើម្បីបង្ការពីការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ ថ្មី។ រាល់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវទទួលបានការអនុញ្ញាត និងគោរពតាមវីធានការ ដែលបានដាក់ជូន ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ចំពោះការទប់ស្កាត់ការឆ្លង។ 

គួររំលឹកថា ស្ថានីយទទួលភ្ញៀវទី៣ នេះ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដោយសារតែការធ្លាក់ចុះចំនួនអ្នកធ្វើដំណើរ និងការដាក់ទីក្រុងទាំងមូលស្ថិតក្នុងគ្រាអាសន្ន កាលពីពេលកន្លងទៅ ដោយសារតែការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំ។ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ម្សិលមិញនេះ ចំនួនតួរលេខផ្លូវការ នៃករណីឆ្លងនៅហ្វីលីពីនកើនឡើងដល់ ៤៦,៦៧៨ ករណី ដោយក្នុងនោះចំនួនអ្នកជាសះស្បើយមាន ១១,៩៤២ នាក់ និងស្លាប់កើនឡើងដល់ ១,៣០៤ នាក់៕