៩ ខែដើមឆ្នាំ២០២០ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងជាង ៧ លាននាក់!

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២០ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាមានចំនួនសរុប ១,២៤៧,៦៨០ នាក់ មានការថយចុះប្រមាណ ៧៤.១% ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ហើយចំណែកភ្ញៀវទេសចរផ្ទៃក្នុងប្រទេសវិញ មានចំនួន ៧,២៨៤,៤០៩ នាក់ បានធ្វើដំណើរកម្សាន្ដតាមរមណីដ្ឋានក្នុងប្រទេស មានការថយចុះខ្ទង់ ៥១.៩% ផងដែរ។

តាមការគូសបញ្ជាក់ពីក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែងភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកប្រទេសកម្ពុជា រួមមានទេសចរសម្រាកលំហែកម្សាន្ដមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗទៀតមានចំនួន ២.៣%។ ធៀបនឹងឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្ដមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗទៀត ៣.១%។

ក្រសួងទេសចរណ៍បានបន្ដថា រយៈពេល ៩ ខែឆ្នាំ២០២០ មានទេសចរផ្ទៃក្នុងសរុបចំនួន ៧,២៨៤,៤០៩ នាក់ ដែលបានធ្វើដំណើរកម្សាន្ដតាមរមណីដ្ឋាននានា ទូទាំងប្រទេស ដោយមានការថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ៥.៥ លាននាក់ ថយចុះ ៣៨.២% និងទេសចរអន្តរជាតិប្រមាណ ១.៧ លាននាក់ថយចុះ ៧២%។

តាមការព្យាករណ៍ទុក ឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៣២ លាននាក់ ដែលមានការថយចុះ៨០% ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុងវិញនឹងទទួលបានចំនួន ៩ លាននាក់មានការថយចុះ ២០% ផងដែរ ធៀបនឹងឆ្នាំ២០១៩ ហើយតួរលេខនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងផ្ទៃក្នុង អាចនឹងត្រលប់មកដូចដើមវិញនៅក្នុងរយៈពេល ៣ ឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចំនួន ១១ លាននាក់។