ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានក្នុងរង្វង់ ៥.៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ!

រហូតមកដល់បញ្ចប់ត្រីមាសទី៣ ឆ្នាំ២០២០ រយៈពេល ៩ ខែកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាននៅក្នុងរង្វង់ ៥,៥៦៩ លានដុល្លារ ដែលមានការធ្លាក់ចុះប្រមាណ ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។  

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា គិតចាប់ពីខែមករា មកដល់ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសថៃ មានតម្លៃជាទឹកប្រាក់ ៩៥៨ លានដុល្លារ ដែលមានការធ្លាក់ចុះ ៤៨% ដោយឡែក ភាគីប្រទេសថៃ បាននាំចេញទំនិញមកកាន់ប្រទេសកម្ពុជាវិញ មានតម្លៃ ៤,៦១១ លានដុល្លារ ដែលមានការធ្លាក់ចុះ ៩% ធៀបនឹងឆ្នាំមុន។

 

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការថយចុះនូវពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺដោយសារតែមូលហេតុធំចម្បងពីវិបត្តិជំងឺកូវីដ-១៨ ដែលបណ្ដាលឲ្យមានផលវិបាក និងប៉ះពាល់យ៉ាងខ្លាំងនូវការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំង២ បង្កើតទៅជាការរឹតបណ្ដឹតមួយ។ លើសពីនេះទៀត បញ្ហានៃគ្រោះទឹកជំនន់ដែលកំពុងកើតឡើងនៅក្នុងខែតុលានេះ ក៏នឹងប៉ះពាល់ទៅដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង២ នៅត្រីមាសទី៤ ចុងឆ្នាំ២០២០ នេះផងដែរ។

យ៉ាងណាមិញ លោកបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែជាទីផ្សារស្វាគមន៍ដ៏ធំសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិនិយោគិននិងពាណិជ្ជករថៃ ថែមទាំងកំពុងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ហើយបើទោះជាមានផលវិបាកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅតែរក្សាប្រតិបត្តិការទៅមុខជានិច្ច។