ផ្ទៃដីទំហំ ៣០២ ហិកតាក្នុងក្រុងតាខ្មៅ ត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ!

យោងតាមលិខិតដែលរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល បានដាក់ជូន សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថារាជរដ្ឋាភិបាល សម្រេចកាត់ផ្ទៃដីមួយផ្នែកនៃក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យចូលមកជាខណ្ឌដង្កោ រាជធានីភ្នំពេញវិញ ដើម្បីជួយសម្រួលដល់ការអនុវត្តប្លង់មេនៃទីក្រុងរណប បឹងទំពុន បឹងជើងឯក ក៏ដូចជាសម្រួលគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ និងការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងការផ្ដល់សេវាសាធារណៈផ្សេងៗ។

ផ្អែកតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាព ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងតំបន់ក្រុងតាខ្មៅ និងខណ្ឌដង្កោនេះ បានតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល កាត់ផ្ទៃដីទំហំ ៣០២ ហិកតា និង ៩,៣៩១ ម៉ែត្រការ៉េនៃក្រុងតាខ្មៅ ចូលមកការគ្រប់គ្រងរបស់ខណ្ឌដង្កោ ដោយកាត់យកភូមិស្ទឹងជ្រៅ និងព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី, ភូមិព្រែកឡុង នៃសង្កាត់តាក្ដុល, និងភូមិបត្តាដី នៃសង្កាត់ព្រែកហូរ។ សង្កាត់ចំនួន ៤ ស្មើនឹង ០៥ ភូមិ មានលំនៅឋានសរុបចំនួន ១៣៩ ខ្នងផ្ទះ ស្មើនឹង ១៧៧ គ្រួសារ ប្រជាពលរដ្ឋចំនួន ៧៥៣ នាក់។ លើសពីនេះទៀត រដ្ឋបាលខេត្តកណ្ដាលក៏បានស្នើសុំកាត់ផ្ទៃដីទំហំ ២ ហិកតា ៥,១៥៥ ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលវិញផងដែរ។  

គូសបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រាទី៦ វាក្យខ័ណ្ឌទី១ បានចែងថា «ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើររបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។