វិនិយោគិនអន្តរជាតិ បោះទុននៅវៀតណាមមានដល់ទៅ ២៣.៤៨ ពាន់លានដុល្លារ ត្រឹម ១០ ខែឆ្នាំ ២០២០

ហាណូយ៖ ការវិនិយោគនៅវៀតណាម នៅតែបន្តទៅមុខទោះបីស្ថានភាពសេដ្ឋកិច្ច ពិភពលោក នៅមិនទាន់ល្អប្រសើរឡើងវិញ ដូចឆ្នាំមុនក៏ដោយ។ ក្នុងនោះ ទំហំវិនិយោគពីសំណាក់អន្តរជាតិ ពោលគឺវិនិយោគិនបរទេស នៅវៀតណាម នៅតែបន្តទៅមុខ តែទំហំសរុបសម្រាប់រយៈពេល ១០ ខែនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើធៀបនឹងឆ្នាំ ២០១៩ កន្លងទៅ។

របាយការណ៍ផ្លូវការ ចេញផ្សាយដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម (MPI) បានឱ្យដឹងថា សម្រាប់រយៈពេល ១០ ខែ គិតចាប់ពីខែមករា ដល់ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន និងសហគ្រាសអន្តរជាតិជាង ២,១០០ គម្រោង ត្រូវបានចុះបញ្ជី ដាក់ទុនវិនិយោគ នៅលើទឹកដីវៀតណាម មានចំនួន ១១.៦៦ ពាន់លានដុល្លារអាមេរិកឯណោះ។ ចំនួនវិនិយោគដច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា ជាចំនួនធ្លាក់ចុះដល់ទៅ ៣២.១% នៃទំហំវិនិយោគសរុប និងធ្លាក់ចុះ ៩.១% នៃតម្លៃវិនិយោគ បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។

ប្រភពដដែលបន្តឱ្យដឹងទៀតថា ក្រុមហ៊ុន និងសហគ្រាស តែជាង ៩០០ ប៉ុណ្ណោះ ដែលបានបន្ថែមការបណ្ដាក់ទុននៅវៀតណាម ក្នុងទំហំសរុប ៥.៧១ ពាន់លានដុល្លារ ជាការធ្លាក់ចុះ ២០.៨% តែចំនួននោះមានការកើនឡើងបាន ៤.៤% បើធៀបទៅនឹងឆ្នាំ ២០១៩។ ក្នុងនោះ វិស័យ មានប្រជាប្រិយភាពជាងគេ សម្រាប់ការវិនិយោគរបស់ វិនិយោគិនអន្តរជាតិ នៅវៀតណាម នៅតែបន្តនៅក្នុងវិស័យឧស្សាហកម្ម ដោយទំហំវិនិយោគមាន ១០.៧ ពាន់លានដុល្លារ ខណៈវិស័យថាមពលមាន ៤.៨ ពាន់លានដុល្លារ។

ក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា វិនិយោគិនបរទេស ដែលសម្រេចចិត្តវិនិយោគនៅវៀតណាមច្រើនជាងគេ គឺមកពីប្រទេសសឹង្ហបុរី ក្នុងទំហំវិនិយោគមានដល់ទៅ ៧.៥១ ពាន់លានដុល្លារ និងមកពីកូរ៉េខាងត្បូងមាន ៣.៤២ ពាន់លានដុល្លារ ខណៈទី៣ គឺវិនិយោគិនចិន ដែលវិនិយោគជាង ២.១៧ ពាន់លានដុល្លារ។ មិនត្រឹតតែបី ប្រទេសនេះនោះទេ គឺនៅមានប្រទេសជាច្រើនផ្សេងទៀត ដែលកំពុងវិនិយោគនៅក្នុងវិស័យជាច្រើន នៅវៀតណាម រួមមាន ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជាអាទិ៍។

សម្រាប់ការនាំចេញផលិតផលវៀតណាម ស្ថិតក្រោមការវិនិយោគ របស់ជនបរទេស ក្នុងរយៈពេល ១០ ខែកន្លងទៅនេះ មានទំហំសរុប ១៤៧.៩៧ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះស្មើនឹង ៩៧.៦% នៃទំហំនាំចេញនាឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះបន្តិច។ ដោយឡែកសម្រាប់ការនាំចូលវិញមានទំហំសរុប ១១៧.៥៦ ពាន់លានដុល្លារសម្រាប់ ១០ ខែកន្លងទៅ ស្មើនឹងទំហំ ៩៧% នៃការនាំចូលកាលពីឆ្នាំទៅ ពោលគឺធ្លាក់ចុះ ៣%៕