តាមការសិក្សាមួយឈ្មោះថា The World’s Best City to Live in ដែលបានស្រាវជ្រាវដោយ Global Finance មានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច បានសិក្សាចំណាត់ថ្នាក់ទីក្រុងដែលល្អបំផុតសម្រាប់រស់នៅក្នុងឆ្នាំ២០២០ ជាពិសេសនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះទីក្រុងតូក្យូ ទទួលបានពិន្ទុខ្ពស់ជាងគេក្លាយជាទីក្រុងល្អបំផុតសម្រាប់ការរស់នៅ តាមពីក្រោយដោយ លេខ២ ទីក្រុងឡុងដ៏, លេខ៣ សិង្ហបុរី, លេខ៤ ទីក្រុងញ៉ូវយ៉ក, លេខ៥ ទីក្រុងមែលប៊ន, លេខ៦ ទីក្រុងហ្វ្រេងហ្វឺត, លេខ៧ ទីក្រុងប៉ារីស, លេខ៨ ទីក្រុងសេអូល, លេខ៩ ទីក្រុងប៊ែកឡាំង, លេខ១០ ទីក្រុងស៊ីដនី។ ចំណែកទីក្រុងហុងកុង នៅលេខ១១, និងអូសាកា នៅលេខ១៨។
ជាទូទៅ ទីក្រុងក្នុងប្រទេសជប៉ុន មិនងាយជាប់ក្នុងតារាងកំពូល ជាជម្រើសទីក្រុងល្អបំផុតសម្រាប់រស់នៅនោះទេ ដោយសារបញ្ហានៃការចំណាយខ្ពស់ខ្លាំងសម្រាប់រស់នៅប្រចាំថ្ងៃ, ការសិក្សានិងរបបសន្ដិសុខសង្គម ក៏មានតម្លៃខ្ពស់ដូចគ្នា ដែលស្ទើតែប្រៀបធៀបជាមួយទីក្រុងនៅលោកខាងលិចទៅហើយ ខុសពីទីក្រុងនៅអាស៊ីដទៃទៀតដែលចំណាយការរស់នៅទាប។
យ៉ាងណាមិញស្ថាប័ន Global Finance បានសិក្សានិងផ្ដល់ពិន្ទុទៅលើផ្នែកសំខាន់ៗចំនួន ៨ រួមមាន៖ លំនឹងសេដ្ឋកិច្ច, ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍, អន្តរវប្បធម៌, បរិស្ថានស្អាត, ភាពងាយស្រួលរស់នៅ, ការប្រើប្រាស់សេវាសាធារណៈសម្បូរបែប, ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ, និងការទប់ស្កាត់នៃជំងឺរាតត្បាតកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់។
ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ ទីក្រុងតូក្យូទទួលបានពិន្ទុខ្ពស់បំផុត ដោយសារទីក្រុងតូក្យូមានអត្រាមរណៈដោយជំងឺកូវីដ-១៩ ទាបបំផុត (ធៀបនឹងចំនួនប្រជាជន) បើគេប្រៀបធៀបជាមួយទីក្រុងឡុងដ៏ នៅប្រទេសអង់គ្លេស ឬក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច សុទ្ធសឹងតែជាទីក្រុងមានហានិភ័យខ្ពស់។ ម្យ៉ាងវិញទៀត ការផលិតវ៉ាក់សាំងរបស់ប្រទេសជប៉ុន ក៏បានជួយមួយផ្នែកដល់សុវត្ថិភាពនៃការរស់នៅផងដែរ ព្រោះគេពុំមានវិធានការហាមឃាត់ការធ្វើដំណើរតឹងតែង ឬ lockdown ដូចជាទីក្រុងមានប្រជាជនច្រើនដទៃទៀតនោះទេ។