ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចអនុម័ត ផ្ដល់ឥណទាន ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការចុះកិច្ចព្រមព្រៀងឥណទានសំខាន់មួយ សម្រាប់គាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ ១៩ ក្នុងទំហំទឹកប្រាក់ជាង ២៣៤ លានដុល្លារអាមេរិក។
តាមរយៈអង្គការ JICA ប្រចាំនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ២៥ ប៊ីលានយ៉េន ឬស្មើនឹងទឹកប្រាក់ជាង USD ២៣៤,៦ លានដុល្លារអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននោះ ធ្វើឡើងរវាងលោក Yuichi Sugano ប្រធានស្ដីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា ជាមួយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ។
តាមការបញ្ជាក់របស់អង្គការ JICA បានឱ្យដឹងថា ការផ្ដល់នូវឥណទានលើកនេះ គឺក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ក្នុងនាមជាដៃគូរអភិវឌ្ឍន៍អង្គការ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។
ក្នុងបរិបទនេះអង្គការ JICA បាននិងកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារអនាម័យ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៉ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។ ទន្ទឹមគ្នានេះអង្គការ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រីផងដែរ៕
ប្រភព៖ អង្គការ JICA