អូស្ត្រាលី នឹងបន្ដផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ទាំងការប្រឆាំងកូវីដ-១៩ និងពាណិជ្ជកម្មសេរី RCEP

ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី-អាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិតនៅក្របខណ្ឌមួយយ៉ាងជិតស្និត ជាពិសេសនៅក្នុងឆ្នាំ២០២០ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវផលវិបាកជាច្រើន៖ ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩, ការស្ដារសេដ្ឋកិច្ចឡើងវិញ, ការអភិវឌ្ឍន៍សន្ដិសុខសង្គម, និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP -ល-។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានប្ដេជ្ញាបន្ដជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាច្រើនផ្នែកទៀត តាមលទ្ធភាពដែលអាចធ្វើបាន រួមមានធនធានមនុស្ស វិជ្ជសាស្ត្រ តុល្យភាពសង្គម និងសន្ដិសុខសុវត្ថិភាពជាដើម។ 

នៅក្នុងកិច្ចប្រជុំ ASEAN-Australia Summit កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Mrrison បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានអនុម័តនូវកញ្ចប់ថវិកាឥតសំណងប្រមាណ ៥០០ លានដុល្លារអូស្ត្រាលី ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុវត្ថិភាពសង្គមប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិច ក្នុងនោះប្រទេសកម្ពុជា នឹងទទួលបានជំនួយប្រមាណ ៦៥ លានដុល្លារអូស្ត្រាលី (ប្រមាណ ៥០ លានដុល្លារអាមេរិច) ជារៀងរាល់ឆ្នាំ។ វាជាកញ្ចប់ថវិកាឥតសំណងដ៏ធំបំផុតសម្រាប់ទំនាក់ទំនងអូស្ត្រលី-ឥណ្ឌូប៉ាស៊ីហ្វិច ដោយប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ព្រោះរដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដោតសំខាន់ទៅលើជំនួយក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ ដែលបានអនុម័តកញ្ចប់ថវិកាប្រមាណ ២៣២ លានដុល្លារអូស្ត្រាលី សម្រាប់ជួយដល់ប្រទេសក្នុងតំបន់ ជាពិសេសគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីបង្រួមគម្លាតរវាងប្រទេសទាំង ៣ ឲ្យកៀកទៅនឹងប្រទេសសមាជិកអាស៊ានទាំង ៧ ប្រទេសផ្សេងទៀត។ កម្មវិធី Mekong-Australia Program នឹងផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៨៥០ នាក់បន្ថែមទៀត តាមរយៈភ្នាក់ងារអូស្ត្រាលី ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ ទៅលើផ្នែកសិក្សាបច្ចេកវិទ្យា ឧទាហរណ៍ដូចជា ការគ្រប់គ្រងធនធានទឹកស្អាត និងបច្ចេកវិទ្យាថាមពលបៃតងជាដើម។ 

ទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រដ្ឋាភិបាលអូស្ត្រាលី បញ្ចាក់ថានឹងផ្ដល់ជំនួយដល់កម្ពុជា ឲ្យបានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩, ពង្រឹងបរិក្ខាទំនើបនៅមន្ទីរពិសោធន៍, និងធានាឲ្យបាននូវការទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំនួយហិរញ្ញវត្ថុផ្សេងៗទៀតក្នុងវិស័យសុខាភិបាល។ ក្នុងកិច្ចការនេះ រដ្ឋាភិបាលអូស្ត្រាលី បានអនុម័តនូវកញ្ចប់ថវិកាប្រមាណ ២១ លានដុល្លារអូស្ត្រាលី ជូនទៅដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់សុខភាពសាធារណៈនិងប្រឆាំងជំងឺឆ្លង (ACPHEED) ដែលបានបង្កើតដោយរដ្ឋាភិបាលជប៉ុន ដើម្បីធានាថាប្រទេសកម្ពុជា និងអាស៊ាន អាចទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ 

ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP អូស្ត្រាលីនឹងបញ្ចេញថវិកា ៤៦ លានដុល្លារអូស្ត្រាលី ក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ជាមួយប្រទេសអូស្ត្រាលី និងណូវែហ្សូឡង់។ ក្នុងនោះកម្ពុជា នឹងទទួលបានប្រយោជន៍ដូចជាជំនួយទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ 3i (Investing in infrastructure) ជំនួយលើផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងផលិតកម្មចំណីអាហារ -ល- ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិច។ បន្ថែមពីនេះ អូស្ត្រាលីក៏គាំទ្រដល់ការរក្សាសន្ដិភាព និងអធិបតេយ្យភាពកម្ពុជា តាមរយៈការបញ្ចេញកញ្ចប់ថវិកា ១០៤ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ទំនាក់ទំនងការពារជាតិ សន្ដិសុខសង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។