កម្ចីទិញអចលនទ្រព្យ មានតម្លៃជាង ៤.៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០!

ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ និងមានភាពអវិជ្ជមានទៅលើកំណើនសេដ្ឋកិច្ចជាតិក៏ដោយ ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែរក្សាលំនឹងបានល្អប្រសើរដដែល។ បើយោងតាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញថារយៈពេល ៩ ខែដើមឆ្នាំ២០២០ កម្ចីទិញអចលនទ្រព្យមានចំនួនទឹកប្រាក់សរុប ៤.៦ ពាន់លានដុល្លារ ជាតួរលេខកើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងពេញមួយឆ្នាំ២០១៩ កម្ចីអចលនទ្រព្យមានចំនួនត្រឹម ៣.៩ ពាន់លានដុល្លារប៉ុណ្ណោះ។  

របាយការណ៍បានកត់ត្រាដោយការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញថាការផ្ដល់កម្ចីឥណទានពីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទូទៅ មានរហូតដល់ ៩.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ ដោយក្នុងនោះរួមមាន កម្ចីផ្ទាល់ខ្លួន កម្ចីកាតឥណទាន និងកម្ចីបញ្ចាំដោយទ្រព្យជាដើម។ ដោយឡែក ចំពោះកម្ចីសម្រាប់ទិញអចលនទ្រព្យមានទំហំសរុប ៤.៦៩ ពាន់លានដុល្លារ ឬស្មើនឹង ៥១.៥១% នៃកម្ចីសរុប ជាពិសេសទៅលើការទិញលំនៅដ្ឋាន ដែលបង្ហាញតម្រូវការខ្ពស់នៃការអភិវឌ្ឍន៍លំនៅដ្ឋាននៅទូទាំងប្រទេស ហើយវិបត្តិកូវីដ-១៩ មិនប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍នោះទេ។ 

បើតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រយៈពេល ៨ ខែដើមឆ្នាំ២០២០ កន្លងទៅ យើងមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន (បុរី) ថ្មីៗសរុបចំនួន ២,៨១៩ គម្រោង ស្មើនឹង ៨៤% នៃគម្រោងលំនៅដ្ឋាន (បុរី) សរុបចំនួន ៣,៣៥០ ដែលកំពុងស្ថិតក្នុងការសាងសង់។ ការរក្សាកំណើនគម្រោងលំនៅដ្ឋានថ្មីៗនេះ ក៏បានបញ្ជាក់អំពីតម្រូវការខ្ពស់នៃអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ទោះជាសេដ្ឋកិច្ចជាតិជារួម មានការធ្លាក់ចុះក្នុងវិបត្តិកូវីដ-១៩ ក្ដី។