ប្រព័ន្ធធ្វើដំណើរទ្វេភាគី (Travel Bubble) រវាងហុងកុង-សិង្ហបុរី ត្រូវបានពន្យារពេល ដោយសារតែមានការកើនឡើងច្រើននូវករណីឆ្លងវីរុសថ្មីៗ ក្នុងហុងកុង

មន្ត្រីរបស់ហុងកុង បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ប្រព័ន្ធធ្វើដំណើរទ្វេភាគី (Travel Bubble) រវាងហុងកុង និងសិង្ហបុរី ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនោះ នឹងត្រូវពន្យារពេលប្រមាណជា 2 សប្តាហ៍ក្រោយពេលដែលទីក្រុង ដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ មានការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណាថ្មីៗ ប្រចាំថ្ងៃគួរឲ្យកត់សម្គាល់។

 

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច លោក  Edward Yau បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រព័ន្ធធ្វើដំណើរទ្វេភាគី ដែលអនុញ្ញាតឱ្យចំនួនអ្នកដំណើរមានកំណត់នោះ អាចហោះហើរបានទាំងសងខាង ដោយមិនចាំបាច់ឆ្លងកាត់គោលការណ៍ដាក់ឲ្យដាច់ដោយឡែកនោះ នឹងត្រូវពិនិត្យឡើងវិញនៅដើមខែធ្នូ។

 

លោកបានមានប្រសាសន៍ថា “យោងតាមការកើនឡើងនៃករណីក្នុងស្រុក យើងបានសម្រេចរួមគ្នា ជាមួយរដ្ឋាភិបាលសិង្ហបុរីថា យើងនឹងពន្យាពេលការបើកដំណើរការប្រព័ន្ធធ្វើដំណើរទ្វេភាគី ក្នុងកំឡុងនៅពីរសប្តាហ៍ទៀត។ ការសម្រេចចិត្តថ្ងៃនេះ គឺជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។"

 

ការផ្អាកនេះបានកើតឡើងនៅពេលដែលហុងកុង បានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន 43 ករណី កាលពីថ្ងៃសៅរ៍ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជិត 3 ខែចុងក្រោយនេះ។ វាក៏កំពុងប្រឈមនឹងករណីបឋម (preliminary cases) ជាង 60 ផងដែរ។ 

 

គូសសម្គាល់ផងដែរថា នៅក្រោមការរៀបចំ "Travel Bubble" ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ រវាងទីក្រុងទាំងពីរ ដោយមិនចាំបាច់ស្ថិតនៅក្រោមការឃ្លាំមើល ឬត្រូវដាក់នៅដាច់ដោយឡែករយៈពេល 2 សប្តាហ៍ឡើយ ប៉ុន្តែត្រូវធ្វើតេស្តរក Covid-19 មុនពេលចេញដំណើរ និងពេលមកដល់។ វាក៏នឹងមិនមានការរឹតបន្តឹង លើគោលបំណងនៃការធ្វើដំណើរទេ។

 

អ្នកធ្វើដំណើរក៏ត្រូវមានជើងហោះហើរ ដែលបានកំណត់ផងដែរ ដោយមានតែក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific និង Singapore Airlines ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ដើម្បីប្រតិបត្តិការជើងហោះហើរទាំងនេះ សម្រាប់កំឡុងប្រព័ន្ធធ្វើដំណើរមួយនេះ។ 

 

គួររំលឹកដែរថា ហុងកុងបានកត់ត្រាករណីឆ្លងវីរុស Covid-19 ជាង 5,500 ករណី និងមានអ្នកស្លាប់ចំនួន 108 នាក់ រាប់ចាប់តាំង ពីការផ្ទុះឡើងនៃវីរុសនេះពីដំបូងមក។