រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ រំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញ ៤% នាឆ្នាំ ២០២១ ខាងមុខ

បាងកក៖ ស្ថានភាពប្រទេសថៃ ចាប់តាំងពីដើមឆ្នាំ ២០២០ នេះមក គឺបានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃជំងឺឆ្លងកូវីដ ១៩ ដែលបានប៉ះពាល់ខ្លាំងបំផុតទៅលើវិស័យទេសចរណ៍ និងមួយចំនែកផ្សេងទៀត លើវិស័យពាណិជ្ជកម្ម តែឆ្នាំក្រោយនេះក្ដីរំពឹងថ្មី សង្ឃឹមថានឹងងើបឡើងវិញបាន ៤%។

សេដ្ឋកិច្ចរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះច្រើនជាងការរំពឹងទុកដល់ ៦.៤% កាលពីត្រីមាសទី៣ កន្លងទៅ និងធ្លាក់ខ្លាំងរហូតដល់ទៅ ១២.‌១% កាលពីត្រីមាសទី២ នេះបើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ បានប៉ះពាល់ទៅដល់សេដ្ឋកិច្ចថៃ យ៉ាងធ្ងន់ធ្ងរ តែបញ្ហានោះបានធូស្បើយឡើងវិញបន្តិចម្ដងៗ កាលពីត្រីមាសកន្លងទៅ ហើយបានកំពុងល្អប្រសើរឡើងក្នុងត្រីមាសចុងក្រោយនាឆ្នាំនេះ។

ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនេះ លោក Arkhom Termpittayapasisith រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ កាលពីថ្ងៃច័ន្ទកន្លងទៅនេះបានឱ្យដឹងថា ឆ្នាំ ២០២១ សេដ្ឋកិច្ចថៃ រំពឹងទុកថា នឹងងើបឡើងវិញបាន ៤%។ លោក Arkhom បានប្រាប់សារព័ត៌មានថា “ប្រសិនបើពុំមានជំងឺរាតត្បាត កូវីដ ១៩ នោះទេ សេដ្ឋកិច្ចប្រទេសថៃ នឹងអាចងើបឡើងបាន ៣% នាឆ្នាំ ២០២០ នេះ តែនៅពេលនេះយើងសន្និដ្ឋានថា ការធ្លាក់ចុះពេញមួយឆ្នាំអាចមាន ៦% ហើយអាចឈានដល់ ៩% ផងដែរ”។ លោកបានបន្ថែមទៀតថា “សម្រាប់ឆ្នាំក្រោយ យើងរំពឹងថា នឹងមានការកើនឡើង ៤% តែអត្រានោះមិនទាន់គ្រប់ ១០០% នៅឡើយ ដោយរង់ចាំរងហូតដល់ឆ្នាំ ២០២២ ទើបសេដ្ឋកិច្ចថៃអាចវិលត្រឡប់ទៅកាន់សភាពដើមវិញបាន”។ 

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ បានឱ្យដឹងបន្ថែមទៀតជុំវិញសារពើពន្ធនៅក្នុងប្រទេស ដោយឆ្នាំក្រោយ រដ្ឋាភិបាលនឹងផ្ដោតសំខាន់ទៅលើការពង្រឹងបន្ថែម នៃសកម្មភាពក្នុងស្រុក ដើម្បីជួយឱ្យកិច្ចដំណើរការរបស់ប្រជាជន មានភាពល្អប្រសើរឡើង។ ម្យ៉ាងទៀត បញ្ហាបំណុល ដែលបច្ចុប្បន្នស្មើនឹង ៤៩% នៃកម្រិត GDP គឺអាចធ្វើការរៀបចំ និងចាត់ចែងបាននៅឡើយ។ តាមរយៈនេះ រដ្ឋាភិបាលថៃ នឹងប្រើប្រាស់ទឹកប្រាក់ ១ ទ្រីលានបាត ឬស្មើនឹងជាង ៣៣ ពាន់លានដុល្លារ សម្រាប់សង្គ្រោះសេដ្ឋកិច្ចនាឆ្នាំ ២០២១ ដោយក្នុងនោះ មាន ៤០០ ពាន់លានបាត នឹងប្រើប្រាស់ដើម្បីជួយសេដ្ឋកិច្ច ខណៈពេលដែលទឹកប្រាក់ ១២០ ទៅ ១៣០ ពាន់លានបាត ត្រូវបានអានុម័ត ឱ្យប្រើប្រាស់ហើយ។ ម្យ៉ាងធនាគារជាតិថៃ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការជ្រុមជ្រែង សេដ្ឋកិច្ចជាតិនាឆ្នាំក្រោយនេះផងដែរ ដោយសហការណ៍ជាមួយនឹងធនាគារនៅក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ថៃសរុបស្មើនឹងកម្រិត GDP ប្រមាណ ១២% នៃសេដ្ឋកិច្ច ដែលឆ្នាំ ២០២០ នេះបានផ្ដល់នូវភាពជូចត់ និងបទពិសោធន៍មិនអាចបំភ្លិចបាន ទៅលើវិស័យទេសចរណ៍ថៃ ពីសំណាក់ភ្ញៀវពីអន្តរជាតិ៕