ក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗ កំពុងធ្វើឲ្យឧស្សាហកម្មកាត់ដេរប្រទេសបង់ក្លាដេស ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ!

មានក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗជាច្រើនដូចជា Zara និង H&M មានមូលដ្ឋានផលិតនៅក្នុងប្រទេសបង់ក្លាដេស ប៉ុន្តែក្រោយពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ទូទាំងសកលោក ហាងលក់សម្លៀកបំពាក់ជាច្រើន ក៏ត្រូវបានបិទទ្វារផ្អាកអាជីវកម្ម ហើយកាត់បន្ថយការបញ្ជាទិញដែរ។ ជាក់ស្ដែង ការបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសបង់ក្លាដេស តម្លៃជាង ៣ ពាន់លានដុល្លារ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ត្រូវបានរំសាយចោល ធ្វើឲ្យឧស្សាហកម្មកាត់ដេរបាត់បង់ប្រាក់ចំណូល និងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ 

ជាដំបូងគូសបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសបង់ក្លាដេស ពឹងផ្អែកយ៉ាងខ្លាំងទៅលើច្រវ៉ាក់ផលិតកម្ម និងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់យីហោល្បីៗជុំវិញពិភពលោក ហើយការនាំចេញសរុបប្រមាណ ៨៥% គឺពឹងផ្អែកទៅលើឧស្សាហកម្មកាត់ដេរនេះ។ យោងតាមក្រុមអ្នកស្រាវជ្រាវបង្ហាញថា បង់ក្លាដេស ជាប្រទេសបានផ្លាស់ប្ដូរខ្លាំងទៅលើឧស្សាហកម្មកាត់ដេរ និងបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗចូលមកក្នុងស្រុក ផ្ដល់ការងាររាប់លានកន្លែងដល់ប្រជាជន។ ប៉ុន្តែក្នុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗបានផ្អាកការបញ្ជាទិញ រាំងស្ទះដល់ឧស្សាហកម្មផលិតក្នុងស្រុក ហើយភាពមិនច្បាស់លាស់នៃការបញ្ជាទិញគឺអាស្រ័យ ១០០% ទៅលើថ្ងៃរលាយសាបសូន្យទៅវិញនៃជំងឺកូវីដ-១៩ និងបានផ្អាកកុងត្រាទាំងអស់ជាមួយឧស្សាហកម្មកាត់ដេរប្រទេសបង់ក្លាដេស។ ដូចនេះនិយោជិត កម្មករ នៅក្នុងឧស្សាហកម្មកាត់ដេរ ត្រូវបានបាត់បង់ការងារនិងប្រាក់ចំណូលមួយភាគធំ។

រដ្ឋាភិបាលបង់ក្លាដេស បានផ្ដល់កញ្ចប់ថវិកា ៥៨៨ លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពនិយោជិតតាមបណ្ដារោងចក្រកាត់ដេរប្រមាណ ៤.១ លាននាក់ អាចទទួលបានប្រាក់ឧបត្ថម្ភក្នុងគ្រាអាសន្ននេះ។ យោងតាមលោកស្រី Rubana Huq ប្រធានសមាគមន៍ឧស្សាកម្មកាត់ដេរនិងនាំចេញប្រចាំប្រទេសបង់ក្លាដេស បានឲ្យដឹងថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ល្បីៗទូទាំងពិភពលោក គួរមានទំនួលខុសត្រូវមួយផ្នែកក្នុងវិបត្តិជំងឺកូវីដ-១៩ ដូចជាមានប្រាក់ឧបត្ថម្ភសម្រាប់ទ្រទ្រង់កម្មករដែលប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយមិនព្យាយាមកាត់បន្ថយបុគ្គលិកច្រើនពេក ឬប្រែក្លាយឧស្សាហកម្មដែលមានតម្រូវការខ្ពស់ក្នុងវិបត្តិកូវីដ-១៩ ជាដើម។