ប្រទេសថៃ បានទម្លាក់តម្លៃតម្រូវឲ្យតម្កល់លុយក្នុងធនាគារ ដើម្បីអាចទទួលបានទិដ្ឋការទេសចរណ៍ពិសេស!

ថ្វីត្បិតតែរាជរដ្ឋាភិបាលថៃ ទើបបានបើកទូលាយដល់ការទទួលបានទិដ្ឋការពិសេស (Special Tourist Visa) ដល់អ្នកទេសចរអន្តរជាតិ អាចស្នាក់នៅប្រទេសថៃចាប់ពី ៦០ ថ្ងៃទៅដល់ ៩០ ថ្ងៃសម្រាប់ផែនការទេសចរណ៍សុវត្ថិភាព (Travel Bubble) ក៏ដោយ ប៉ុន្តែដើម្បីទទួលបានទិដ្ឋាការនោះ តម្រូវឲ្យបំពេញលក្ខខណ្ឌជាច្រើនបន្ថែមទៀត ជាពិសេសគឺការមានធានារ៉ាប់រងសុខភាព និងរបាយការណ៍តម្កល់លុយក្នុងធនាគារតែម្ដង។

ចាប់ពីខែកញ្ញមក រាជរដ្ឋាភិបាលថៃចាប់ផ្ដើមតម្រូវឲ្យអ្នកទេសចរ មានទិដ្ឋការពិសេសដើម្បីអាចស្នាក់នៅប្រទេសថៃបាន ក្នុងនោះអ្នកទេសចរទាំងអស់តម្រូវឲ្យបង្ហាញព័ត៌មានសំខាន់ៗដូចជា៖ 

១. ប្រាក់ចំណូលក្នុងកុងធនាគាររយៈពេល ៦ ខែចុងក្រោយ ដែលមានតម្លៃ ៥ សែនបាត (ប្រមាណ ១៧,០០០ ដុល្លារ)

២. មានធានារ៉ាប់រងសុខភាព ដែលមានតម្លៃស្មើ ១០០,០០០ ដុល្លារ ក្នុងរយៈពេលស្នាក់នៅ

៣. បង្ហាញការកក់ទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅ និងកន្លែងសម្រាប់ធ្វើចត្តាឡីស័ក

៤. បង្ហាញរបាយការណ៍ធ្វើតេស្ដជំងឺកូវីដ-១៩ អវិជ្ជមាន អំឡុងរយៈពេល ៧២ ម៉ោងមុនការចេញដំណើរហោះហើរ។

តម្រូវការទាំងអស់នេះ ពិតជាមានភាពស្មុគស្មាញច្រើនសម្រាប់អ្នកទេសចរអន្តរជាតិទូទៅ ជាពិសេសសម្រាប់ Backpacker ដែលធ្វើទេសចរណ៍អាជីព ព្រោះអាចជាផលវិបាកដ៏ធំមួយដើម្បីអាចដើរកម្សាន្ដក្នុងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលថៃ ពិតជាត្រូវការទាញភ្ញៀវទេសចរត្រលប់មកដូចដើមវិញ ដើម្បីជំរុញអាជីវកម្មទេសចរណ៍ និងសេដ្ឋកិច្ច ដូចនេះគេបានសម្រេចនូវវិធានការថ្មី ដែលអាចទទួលបានទិដ្ឋការស្នាក់នៅរយៈពេលវែងងាយស្រួលជាងមុន។ តម្រូវការទទួលបានទិដ្ឋការពិសេសថ្មី រដ្ឋាភិបាលថៃ បានតម្រូវឲ្យអ្នកទេសចរទាំងអស់ តម្កល់លុយនៅក្នុងធនាគារចំនួន ៧០០ ដុល្លារប៉ុណ្ណោះ សម្រាប់ស្ថានទូតថៃនៅទីក្រុង Los Angeles ចំណែកអ្នកធ្វើដំណើរពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ត្រូវតម្កល់លុយ ១,៥០០ ដុល្លារ ប៉ុន្តែតម្រូវឲ្យមានធានារ៉ាប់រងសុខភាពមានតម្លៃ ១០០,០០០ ដុល្លារដដែល។ 

នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាល បានកែបន្ថូរបន្ថយច្បាប់ទិដ្ឋាការឆ្លងដែន ដើម្បីសម្រួលដល់អ្នកទេសចរចូលមកកាន់ប្រទេសច្រើនឡើង ជាក់ស្ដែងរយៈពេលចុងក្រោយនេះ គេបានបន្ថយលុយតម្កល់ក្នុងធនាគារ និងកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ១០ ថ្ងៃប៉ុណ្ណោះ ហើយទិដ្ឋការស្នាក់នៅរយៈពេលវែងនេះ ត្រូវបានផ្ដល់ជូនចំនួន ១,២០០ នាក់ក្នុងមួយខែ និងបើកអាទិភាពខ្ពស់ចំពោះប្រទេសមានហានិភ័យមធ្យមឬទាប ក្នុងតំបន់ទ្វីបអឺរ៉ុបខាងលិច និងអឺរ៉ុបខាងជើង ដោយរំពឹងថានៅក្នុងរយៈពេលចុងឆ្នាំ២០២០ នេះគេនឹងអាចទទួលបានទេសចរច្រើនមកកម្សាន្ដ។