កម្ពុជា និងអាស៊ានទាំងមូល ធ្លាក់ចុះចំនួនភ្ញៀវទេសចរក្នុងរង្វង់ ៨០% កាលពីឆ្នាំ២០២០!

កាលពីឆ្នាំ២០២០ វិបត្តិជំងឺកូវីដ-១៩ បានរាតត្បាតទូទាំងពិភពលោក ធ្វើឲ្យវិស័យទេសចរណ៍ទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលសុទ្ធសឹងជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍ ទទួលរងផលលប៉ះពាល់ខ្លាំងផងដែរ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើទី២៤ នាព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានបង្ហាញថា កាលពីឆ្នាំ២០២០ ប្រទេសអាស៊ាន ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបត្រឹមតែ ២៦ លាននាក់ប៉ុណ្ណោះ ដោយចំនួននេះបានធ្លាក់ចុះ ៨០.៥% ធៀបទៅនឹងឆ្នាំ ២០១៩។ ចំណែកប្រទេសកម្ពុជាវិញ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១.៣ លាននាក់ មានការថយចុះ ៨០% ដូចគ្នាផងដែរ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ នោះ កិច្ចប្រជុំពាក់ព័ន្ធមួយចំនួនបានបង្ហាញនូវកង្វក់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ទៅលើវិស័យទេសចរណ៍ ដែលកំពុងជះឥទ្ធិពលដល់វិស័យការងារ និងសេដ្ឋកិច្ចបណ្ដាប្រទេសនីមួយៗ រួមទាំងសេដ្ឋកិច្ចអាស៊ានជារួម។ កាលពីឆ្នាំ២០១៩ អាស៊ាន ធ្លាប់ជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលមួយនៅលើពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧% ធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែមកដល់ឆ្នាំ២០២០ ធ្លាក់មកត្រឹមតែ ២៦ លាននាក់ប៉ុណ្ណោះ ជាការធ្លាក់ចុះគួរឲ្យបារម្ភមួយសម្រាប់សេដ្ឋកិច្ចតំបន់។ យ៉ាងណាមិញ ជាការឆ្លើយតប រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងារស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២ រំពឹងថាចំនួនភ្ញៀរទេសចរអន្តរជាតិ នឹងងើបឡើងវិញចាប់ពីឆ្នាំ២០២១ នេះតទៅ។ 

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១.៣ លាននាក់ ដែលមានការធ្លាក់ចុះ ៨០% ធៀបទៅនឹងឆ្នាំ២០១៩ ដែលទទួលបាន ៦.៦ លាននាក់ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងវិញមានចំនួន ៩ លាននាក់ ដែលមានការធ្លាក់ចុះ ២០% ផងដែរ។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកានិងចំណាត់ការគ្រប់រូបភាពដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញភ្លាមៗ ដូចជាការលើកលែងពន្ធ, ការផ្ដល់ប្រាក់ឧបត្ថម្ភដល់វិស័យងាយរងគ្រោះ, ការស្ដារហេដ្ឋារចនាសម្ព័ន្ធ -ល-។