ព្រលានយន្ដហោះ ខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ!

កាលពីដើមខែមករា ឆ្នាំ២០២១ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជួយសម្របសម្រួល និងផ្ដល់សិទ្ធដល់ក្រុមហ៊ុនចិន PowerChina International Group ដើម្បីសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្ដហោះខ្នាតតំបន់មួយ ដែលមានទីតាំងប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយរំពឹងថាគម្រោងព្រលានយន្ដហោះតំបន់នេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ការដឹកជញ្ជូន និងទាក់ទាញដល់គម្រោងវិនិយោគធំៗនៅភូមិភាគឦសាននេះ។

បើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ដែលបានផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា បន្ទាប់ពីបានសិក្សាលើលទ្ធភាពសាងសង់ព្រលានយន្ដហោះ ខេត្តមណ្ឌលគិរី ជាង ១ ខែមកនេះ ក្រុមហ៊ុន PowerChina International Group ត្រៀមនឹងបញ្ចប់ការសិក្សានៅចុងខែកុម្ភៈ ហើយក៏នឹងត្រៀមដាក់របាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រួតពិនិត្យនិងអនុម័តក្នុងពេលឆាប់ៗនេះផងដែរ។ សម្រាប់អ្វីដែលត្រូវធ្វើនៅពេលនេះ គឺអនុម័តការសិក្សា និងកំណត់កាតព្វកិច្ច រវាងភាគីរដ្ឋ និងក្រុមហ៊ុនឯកជនឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងដាក់កិច្ចព្រមព្រៀងសម្បទាន ហើយដំណើរការនេះអាចនឹងប្រើពេលជិត ១ ឆ្នាំដើម្បីអាចចាប់ផ្ដើមការសាងសង់បាន។ ដូចនេះ គម្រោងសាងសង់ព្រលានយន្ដហោះតំបន់ ខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្ដើមបាននៅឆ្នាំ២០២២ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ 

កន្លងមកនេះ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ក៏ធ្លាប់បានបញ្ជាក់ដែរថា អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំព្រំដីព្រលានយ្ដហោះមណ្ឌលគិរី មានផ្ទៃក្រឡាសរុប ៦០០ ហិកតា ប៉ុន្តែគម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ហិកតាប៉ុណ្ណោះ ស្ថិតនៅប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ជាព្រលានយន្ដហោះតំបន់កម្រិត 4C គ្រោងចំណាយថវិកាសាងសង់ប្រហែល ១០០ លានដុល្លារ ជាហិរញ្ញប្បទានវិនិយោគក្រោមលក្ខខណ្ឌ BOT (Build-Operate-Transfer) ដោយក្រុមហ៊ុន PowerChina International Group។

ម្យ៉ាងវិញទៀត រដ្ឋបាលខេត្តមណ្ឌលគិរី ក៏កំពុងធ្វើការសាងសង់ផ្លូវចូលព្រលានយន្ដហោះ មណ្ឌលគិរី តាំងពីខែកក្កដា ឆ្នាំ២០២០ ផងដែរ ដោយផ្លូវនេះមានប្រវែង ៣,៦០០ ម៉ែត្រទទឹង ៦០ ម៉ែត្រ ដើម្បីងាយស្រួលដល់ការធ្វើដំណើរសិក្សាគម្រោង និងត្រៀមក្នុងការដឹកគ្រឿងចក្រ និងគ្រឿងសំណង់នៃគម្រោងសាងសង់ -ល-។