នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទដំណើរការជាបណ្ដោះអាសន្ននូវ រោងភាពយន្ដ រោងងសម្តែងសិល្បៈ និងសារមន្ទីរ ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល ២ សប្ដាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីចូលរួមទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងមានចំនួន ៩៩ នាក់មកហើយ ត្រឹមតែរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ហើយក្រសួងសុខាភិបាល កំពុងសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល យកសំណាកធ្វើតេស្ដអ្នកពាក់ព័ន្្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងទីតាំងចំនួន ២៣ ទីតាំង ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធនិងករណីសង្ស័យ។
កាលពីយប់មិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន ព្រមទាំងសាលាបណ្ដុះបណ្ដាលបច្ចេកទេស ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល ២ សប្ដាហ៍។ ចំណែកក្រសួងទេសចរណ៍ បានប្រកាសនូវការផ្អាកដំណើរការអាជីវកម្ម KTV ក្លឹបកម្សាន្ដ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន ទូទាំងរាជធានីខេត្ត ហើយអាជីវកម្មត្រូវការបន្ដត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍បណ្ដោះអាសន្ន។ លើសពីនេះទៀត អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏បានបិទទីតាំងពាក់ព័ន្ធមួយចំនួនរួមមានទាំងភោជនីយដ្ឋាន សណ្ឋាគារ ខុនដូ អាផាតមិន ស្កាយបារ សាលារៀនមួយចំនួនទៀតផងដែរ។