កម្ពុជា មានលទ្ធភាពទទួលបានជំនួយវ៉ាក់សាំងជាង ២ លានដូស ត្រឹមពាក់កណ្ដាលឆ្នាំ២០២១!

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន AstraZeneca ប្រទេសឥណ្ឌានៅមន្ទីរពេទ្យកាល់ម៉ែតរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកសន្និសីទសារព័ត៌មានអំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការបែងចែកវ៉ាក់សាំងទៅចាក់តាមបណ្ដាខេត្តងាយរងគ្រោះផ្សេងទៀត។

នៅក្នុងសន្និសីទសារព័ត៌មាននោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការទាំងអស់ដែលបានផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ជាជំនួយឥតសំណង និងបានរហ័សទាន់ពេលវេលាទៀតផង ក្នុងនោះរួមមានប្រទេសចិន អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ សហរដ្ឋអាមេរិច អូស្ត្រាលី និងប្រទេសជាច្រើនទៀត។ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដំបូង ដែលបានមកដល់ប្រទេសកម្ពុជា គឺវ៉ាក់សាំង Sinopharm របស់ប្រទេសចិនមានចំនួន ៦០០,០០០ ដូសមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២១។ ចំណែកវ៉ាក់សាំងទី២ គឺជាជំនួយពីមជ្ឈមណ្ឌល COVAX facility របស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ មានចំនួន ៣២៤,០០០ ដូស។ ជាសរុបមក កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងចំនួន ៩២៤,០០០ ដូសមកហើយ ដែលកំពុងចាក់ជូនថ្នាក់ដឹកនាំ និងអ្នកបម្រើការងារជួរមុខក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តចំនួន ២៥ ផ្សេងទៀត។  

ត្រឹមរយៈពេលជាង ២ ខែដំបូងឆ្នាំ២០២១ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងចំនួន ៩២៤,០០០ ដូសហើយ ប៉ុន្តែសូមបញ្ជាក់ផងដែរថា ស្ថានទូតចិន ទើបតែបានចេញសេចក្ដីព័ត៌មាននឹងផ្ដល់ជំនួយវ៉ាក់សាំង Sinopharm ចំនួន ៤០០,០០០ ដូសទៀត ដែលនឹងមកដល់មុនចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងសហគមន៍ ហើយក៏ជាជំនួយវ៉ាក់សាំងឥតសំណង ១ លានដូសដែលរដ្ឋាភិបាលចិន ផ្ដល់ជូនប្រទេសកម្ពុជាផងដែរ។ ដោយឡែក តាមការបញ្ជាក់ពីមជ្ឈមណ្ឌល COVAX facility ក៏បានបង្ហាញដែរថា ជំនួយវ៉ាក់សាំង AstraZeneca នឹងបញ្ជូនមកប្រទេសកម្ពុជា ឲ្យបានសរុប ១,១០៤,០០០ ដូស នៅត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ។ ដូចនេះមានន័យថា កម្ពុជា នឹងទទួលបានជំនួយវ៉ាក់សាំងសរុប ២,១០៤,០០០ ដូសពីប្រទេសចិនផង និងអង្គការសុខភាពពិភពលោកផង ត្រឹមពាក់កណ្ដាលឆ្នាំ២០២១។

សម្រាប់ការបែងចែកវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រឹកនេះថា វ៉ាក់សាំង AstraZeneca នឹងត្រូវផ្ដល់អាទិភាពចំពោះតំបន់ដែលងាយរងគ្រោះ ឬកំពុងរងគ្រោះខ្លាំងពីជំងឺកូវីដ-១៩ បច្ចុប្បន្ននេះមានចំនួន ៣ តំបន់គឺ៖ 

• រាជធានីភ្នំពេញ៖ នឹងទទួលបានវ៉ាក់សាំងចន្លោះពី ១០ ម៉ឺន ទៅ ១៣ ម៉ឺនដូស

• ខេត្តកណ្ដាល និងខេត្តព្រះសីហនុ៖ នឹងទទួលបានវ៉ាក់សាំងចន្លោះពី ២០ ម៉ឺនទៅ ២៦ ម៉ឺនដូស

ម្យ៉ាងវិញទៀត វ៉ាក់សាំង AstraZeneca នឹងប្រើប្រាស់សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុលើ ៦០ ឆ្នាំឡើងទៅផងដែរ ព្រោះវ៉ាក់សាំង Sinopharm អាចចាក់បានសម្រាប់អ្នកមានអាយុចាប់ពី ១៨ ដល់ ៥៩ ឆ្នាំប៉ុណ្ណោះ។