សាលារៀនរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវបន្ដបិទរហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ!

យោងតាមសេចក្ដីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះបានបង្ហាញថា រហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្ដការរាតត្បាតច្រើន មិនទាន់មានសភាពធូរស្រាលនៅឡើយទេ ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដូចនេះដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបន្ដផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបមានសេចក្ដីជូនដំណឹងថ្មីទៀត។ 

សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងក្រោមចំណាររបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ដែលសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវពង្រឹងការគ្រប់គ្រងស្ថានការណ៍រាតត្បាតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបានល្អប្រសើរបំផុត ដើម្បីចៀសវាងការរីករាលដាលកាន់តែធំឡើងទៅក្នុងសហគមន៍។

ក្នុងសន្និសីទសារព័ត៌មាននោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបិទច្រកចេញចូល មិនឲ្យមានការធ្វើដំណើរឆ្លងខេត្តព្រះសីហនុនោះទេ លើកលែងរថយន្ដដឹកទំនិញ និងរថយន្ដសង្គ្រោះបន្ទាន់ ដោយសារខេត្តព្រះសីហនុកំពុងក្លាយទៅជាទីតាំងផ្ទុះឡើងថ្មី ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុសូមមេត្តាកុំធ្វើដំណើរខាងក្រៅក្នុងករណីមិនចាំបាច់ ដើម្បីចូលរួមទប់ស្កាត់បញ្ចប់ករណីឆ្លងសហគមន៍ឲ្យបានឆាប់រហ័ស។ 

យោងតាមសេចក្ដីសម្រេចខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា តម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញ ដោយអនុវត្តទៅតាមគន្លងរស់នៅបរិបទកូវីដ-១៩ រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបក្រសួងចេញសេចក្ដីសម្រេចជាថ្មីម្ដងទៀត។ ជាមួយគ្នានេះ ក្រសួង ក៏សូមជម្រាបជូនដល់មន្ទីរអប់រំរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឲ្យបានទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។