ក្រៅពីរូបសំណាកសត្វសេះសមុទ្រ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន កំពត ក៏ជាខេត្តសំបូរទៅដោយសម្បត្តិធម្មជាតិ និងទេសភាពស្រស់ត្រកាល បម្រើដល់វិស័យទេសចរណ៍ បានយ៉ាងល្អផងដែរ


កំពត៖ កាលពីព្រឹកថ្ងៃទី ៩ មេសា កន្លងទៅនេះ ក្នុងដំណើរចុះពិនិត្យ រូបសេះសុទ្រ ដែលនឹងត្រូវដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ មេសា នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយ ដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយ ធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត ត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមាន ធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះ ឱ្យដំណើរការ ក្នុងន័យជួយជម្រុញដល់ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ព្រោះពេលណាដែលមាន ភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនឹងទទួលបាន ចំណូលពីវិស័យទេសចរណ៍ ក៏ច្រើនទៅតាមហ្នឹងផងដែរ។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តកំពត បានបន្ថែមថា បច្ចុប្បន្ននេះក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចបានជម្រុញឱ្យអាជ្ញាធរ តាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស យកចិត្តទុកដាក់ ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្ត ឱ្យមានភាពទាក់ទាញ ក្នុងន័យ បង្កើនចំណូលដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។

ជាក់ស្តែង រូបសំណាកសេះសមុទ្រ (ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពត រៀបចំសាងសង់ឡើងក្នុងន័យ ដើម្បីបង្កើនសោភ័ណភាព ក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ពិសេសក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះតែម្តង។

គួរឲ្យដឹងដែរថា រូបសំណាកសេះសមុទ្រ (ត្រីសេះសមុទ្រ) នេះ មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមាន ការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្លើងពណ៌ ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើង ដោយសារខេត្តកំពត គឺជាខេត្តមួយ ដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ (ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វ ក្នុងទឹកសមុទ្រមួយ ប្រភេទផងដែរ ដែលប្រជានេសាទខ្លះ ហៅថាត្រីសេះ។

ចំពោះរូបសំណាក សេះសមុទ្រ នេះ គឺត្រូវបានធ្វើឡើង ទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ  ហើយការរៀបចំឱ្យរូប សេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់។

សូមបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ អាជ្ញាធរខេត្តកំពតបានបង្ហាញ សមិទ្ធិផលថ្មីៗចំនួនពីរទីតាំង ដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត៖

ទីតាំងទី១/ គឺសួនរូបសេះ មុខសាលាខេត្តចាស់ ដែលកំពុងមានការចាប់អារម្មណ៍ច្រើន
ទីតាំងទី២/ គឺឆ្នេរខ្សាច់កម្សាន្ត ចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង ៦រយម៉ែត្រ ដែលទីតាំងទាំងពីរនេះ អាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្ត អាចងូតទឹកកម្សាន្តផងដែរ។

បន្ថែមពីនេះដែរ ការរៀបចំតុបតែង លម្អភ្លើងពណ៌លម្អតាមដងផ្លូវ និងសួនច្បារសំខាន់ៗ ក្នុងក្រុងកំពតត្រូវបានអាជ្ញាធរខេត្ត រៀបចំរួចរាល់សម្រាប់ ទទួលភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ ខាងមុខ ហើយចំណតទូកទេសចរណ៍ ក៏បានរៀបចំរួចរាល់ផងដែរ សម្រាប់ជិះលេងកម្សាន្ត តាមដងព្រែកកំពង់បាយ ដើម្បីទស្សនាអំពិលអំពែក និងភ្លើងពណ៌ក្រុងកំពត ជាដើម។

ប្រភពពី៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាពី៖ បេះដូងកំពត និង មន្ទីរព័ត៌មានខេត្តកំពត