ការនាំចេញផលិតផលកូរ៉េខាងត្បូង ទៅកាន់អាមេរិក កើនឡើងរហូតដល់ទៅ ២៦%

សេអ៊ូល៖ ការនាំចេញផលិតផល ដែលផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីដើមឆ្នាំ២០២១ នេះមក បានកំពុងទទួលបានការបញ្ជា និងកម្មង់ទិញជាច្រើនពីទីផ្សារអន្តរជាតិ ដែលកំពុងសង្គ្រោះ និងបន្ធូរបន្ថយសំពាធជាច្រើន នៃបញ្ហាសេដ្ឋកិច្ចដែលកូរ៉េខាងត្បូងកំពុងប្រឈមមុខ។ មិនតែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាមេរិក បានកំពុងហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មានទៀតផង។

ប្រភពព័ត៌មានក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូង ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ការនាំចេញផលិតផលកូរ៉េខាងត្បូង ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក កំពុងតែមានភាពវិជ្ជមានខ្លាំង ដោយគិតជាភាគរយ គឺបានកើនឡើងបានរហូតដល់ទៅ ២៦% ឯណោះ ជាការកើនឡើងលឿបំផុតគិតចាប់តាំងពី ភាគីទាំង២ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាមក។ ការកើនឡើងនៃការនាំចេញនេះ ក៏បានធ្វើឱ្យអត្រានៃការប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមនាវាធំៗកើនឡើងបាន ២៥.៣% ផងដែរ។

យោងតាមទិន្នន័យផ្លូវការ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពុលរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កន្លងទៅនេះ ការនាំចេញផលិតផលកូរ៉េខាងត្បូង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សរុប គិតជាទឹកប្រាក់មានទំហំសរុបដល់ទៅជាង ៧៤.១ ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងចំនួនត្រឹមតែ ៥៨.៥ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១២ ។ ជាក់ស្ដែង ផលិតផលដែលបាននាំចេញយកទៅលក់នៅអាមេរិក ភាគច្រើនគឺជាបន្ទះឈីប គ្រឿងបង្គុំអេឡិកត្រូនិច និងគ្រឿងកុំព្យូទ័រជាដើម។

កត្តាចំបង ដែលធ្វើឱ្យការនាំចេញផលិតផលកូរ៉េខាងត្បូងទៅកាន់អាមេរិក មានលទ្ធផលល្អប្រសើរនោះក៏ដោយសារតែប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសមួយ (FTA) ដែលមានសុពលភាព អនុវត្តគិតចាប់តាំងពីឆ្នាំ២០១២ មកម្លេះ។ ការចុះកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក បានទទួលនូវផលប្រយោជន៍រៀងៗខ្លួន ជុំវិញការលើកឡើងទៅលើការបន្ធូបន្ថយពន្ធ ការលើកលែងការបង់ពន្ធ ក៏ដូចជាជម្រុញទៅដល់ការលក់ផលិតផល ដែលបានផ្ដល់នូវសិទ្ធិអាទិភាពជាដើម។

ស្ថិតក្នុងការងើបឡើងវិញបន្តិចម្ដងៗនៃសេដ្ឋកិច្ចពិភពលោក កូរ៉េខាងត្បូងរំពឹងថា ឆ្នាំ២០២១ នេះទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងបន្តកើនឡើងកាន់តែប្រសើរជាងឆ្នាំមុន ស្របពេលដែលវ៉ាក់សាំងចាប់ផ្ដើមបើកចាក់ជាបន្តបន្ទាប់៕