ប្រទេសហ្វីលីពីននិយាយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងមានដំណើរការទៅមុខ ខណៈពេលដែលករណីឆ្លងថ្មីៗនៅតែបន្តកើនឡើង!

ទីក្រុងម៉ានីឡា៖ ប្រធានផ្នែកគ្រប់គ្រងទៅលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យនេះឆ្លើយតបទៅនឹងការរិះគន់មួយចំនួន ទាក់ទាក់នឹងភាពយឺតយ៉ាវ ខណៈដែលការព្រួយបារម្ភកើនឡើងអំពី ការកើនឡើងនូវករណីថ្មីៗថា ប្រទេសហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវដំណើរការទៅរក បេសកកម្មនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ នេះហើយ។ 

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ៤.៨៩៩ នាក់នៅថ្ងៃអាទិត្យនេះ មួយថ្ងៃបន្ទាប់ពីប្រទេសនេះ បានកត់ត្រាចំនួននៃការឆ្លងថ្មីច្រើនបំផុតក្នុងមួយថ្ងៃ ក្នុងរយៈពេលជាង ៦ ខែ ជាមួយនឹងការឆ្លងបន្ថែមដល់ទៅចំនួន ៥.០០០ នាក់។

គិតត្រឹមថ្ងៃអាទិត្យ ចំនួនសរុបចុងក្រោយបង្អស់ បានធ្វើឱ្យករណីដែលត្រូវបានបញ្ជាក់សរុបមានដល់ ៦២១.៤៩៨ ករណី ជាចំនួនខ្ពស់បំផុតនៅអាស៊ី ជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងពី ៦៣ នាក់ រហូតដល់ ១២.៨២៩ នាក់។

លោក Carlito Galvez ដែលទទួលបន្ទុកកម្មវិធីលទ្ធកម្មវ៉ាក់សាំងរបស់រដ្ឋាភិបាល បាននិយាយថា ស្ទើរតែ ៩០% នៃចំនួនថ្នាំជាង ១ លានដូស ដែលបានមកដល់ពេលនេះ ត្រូវបានគេដាក់ពង្រាយនៅទូទាំងប្រទេស។

លោក Galvez ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលកំពុងដើរលើការអនុវត្តកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន និងមានជំនឿថានឹងអាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការផ្តល់ឲ្យប្រមាណ ៧០% នៃចំនួនប្រជាជននៅក្នុងប្រទេសទាំងអស់ ក្នុងពេលមួយឆ្នាំ។"

ការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បានចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា ជាមួយនឹងវ៉ាក់សាំងប្រភេទ Sinovac ចំនួន ៦០ ម៉ឺនដូស បរិច្ចាគដោយប្រទេសចិន។ ប្រទេសហ្វីលីពីន ក៏បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដំបូងចំនួន ៥២៥.៦០០ ដូស តាមរយៈ Covax facility ផងដែរ។

បរិមាណសរុបទាំងនេះ គ្រាន់តែជាចំណែកតូចមួយនៃចំនួន ១៦១ លានដូស  ដែលរដ្ឋាភិបាលគ្រោងនឹងទិញ សម្រាប់ប្រជាជនហ្វីលីពីនពី ៥០ លានទៅ ៧០ លាននាក់ នៅក្នុងឆ្នាំនេះ។

ជាមួយនឹងការផ្គត់ផ្គង់មានកំណត់ មានតែបុគ្គលិកពេទ្យជួរមុខ និងបុគ្គលិកថែទាំសុខភាពប៉ុណ្ណោះ ដែលត្រូវបានផ្តល់វ៉ាក់សាំងនៅពេលនេះ។

ការកើនឡើងនូវករណីឆ្លងទាំងនេះ បានធ្វើឱ្យអភិបាលក្រុងនៅទីក្រុងម៉ានីលរៀបចំឡើងវិញ នូវការចាក់សោរបិទទ្វារនៅក្នុងទីក្រុង និងបម្រាមគោចរពេលរាត្រី រយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍នេះទៅ។

ដោយឡែកនៅក្នុងទីក្រុង Quezon ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតនោះ ការរឹតបន្តឹងបន្ថែមទៀតនឹងត្រូវបានអនុវត្ត រួមមានការហាមឃាត់ស្រានិងការបិទជាបណ្តោះអាសន្ននូវកន្លែងហាត់ប្រាណ ស្ប៉ា និងហាងកាហ្វេជាដើម។