នេះគឺជាគន្លឹះសុវត្ថិភាព ៦ យ៉ាង ក្នុងការផ្តល់ Feedback ទៅកាន់អ្នកគ្រប់គ្រងរបស់អ្នក!

អ្នកប្រហែលជាគិតថាការផ្តល់ Feedback ទៅលើនរណាម្នាក់ ឬការងាររបស់នរណាម្នាក់ គឺជាទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងទូទៅ។ ទោះជាយ៉ាងណាក៏ដោយ វាមានសារៈសំខាន់ស្មើគ្នា សម្រាប់អ្នកគ្រប់គ្រង ក្នុងការទទួលបាន Feedback ទៅលើការងារ ឬការវាយតម្លៃមកពួកគាត់វិញ ពីព្រោះបែបនេះវានឹងជួយឲ្យពួកគាត់មានការវិវត្តន៍បន្ថែមទៅលើការសម្រេចចិត្ត ក៏ដូចជាដំណើរការការងាររបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនផងដែរ។

អត្ថបទនេះ នឹងនាំប្រិយមិត្តអ្នកអានឲ្យស្វែងយល់បន្ថែមពីគន្លឹះល្អៗទាំង ៦ ក្នុងការផ្តល់ Feedback ទៅឲ្យអ្នកគ្រប់គ្រងរបស់អ្នក ដោយមានប្រសិទ្ធភាព និងសុវត្ថិភាព។

 

១. ចាំបាច់ត្រូវស្គាល់អ្នកគ្រប់គ្រងរបស់អ្នក ឲ្យបានច្បាស់

ការផ្តល់ Feedback មានប្រសិទ្ធិភាព តែនៅពេលដែលបុគ្គលម្នាក់ទៀត អាចទទួលយក និងបើកចំហរអំពីវា។ ដូច្នេះមុនពេលអ្នកផ្តល់យោបល់ត្រឡប់ទៅអ្នកគ្រប់គ្រងរបស់អ្នក អ្នកត្រូវដឹងថាគាត់ជាអ្នកគ្រប់គ្រងប្រភេទណាជាមុនសិន។ ប្រសិនបើចៅហ្វាយរបស់អ្នក ភាគច្រើនមានប្រតិកម្មអវិជ្ជមានចំពោះមតិរិះគន់ស្ថាបនានោះ ឬប្រសិនបើអ្នកមិនជាមានទំនាក់ទំនងល្អជាមួយគាត់ស្រាប់នោះ វាជាការប្រសើរជាង កុំនិយាយអ្វីផ្តេសផ្តាស ឬផ្តល់មតិផ្ទុយពីផ្នត់គំនិត ទៅកាន់គាត់អី។

 

២. និយាយតែក្នុងពេលតទល់ មួយទល់នឹងមួយ (one-on-ones)

ពេលដែលអ្នកនៅតែពីរនាក់ជាមួយគាត់ វាគឺជាពេលវេលាដ៏ល្អបំផុត ដើម្បីផ្តល់ Feedback ទៅកាន់អ្នកគ្រប់គ្រងរបស់អ្នក។ វាការពារបានភាពឯកជន រវាងអ្នក និងអ្នកគ្រប់គ្រងរបស់អ្នក។ ឧទាហរណ៍ប្រសិនបើនៅក្នុងការប្រជុំជាក្រុម អ្នកមានអារម្មណ៍ថា អ្នកគ្រប់គ្រងរបស់អ្នក អាចធ្វើអ្វីដែលប្រសើរជាងនេះ សូមកុំចង្អុលបង្ហាញភ្លាមៗ។ វាទំនងជាធ្វើឱ្យអ្នកគ្រប់គ្រងរបស់អ្នកអាម៉ាស់មុខ ហើយធ្វើឱ្យគាត់បាត់បង់ទំនុកចិត្តលើអ្នក។ ផ្ទុយទៅវិញអ្នកគួរតែសរសេរវានៅក្នុងកំណត់ចំណាំរបស់អ្នក ហើយលើកវាឡើង ក្នុងកំឡុងពេលនិយាយជាមួយគាត់ តទល់តែពីរនាក់។ អ្នកគ្រប់គ្រងរបស់អ្នកនឹងពេញចិត្ត ដែលអ្នករង់ចាំរហូត ដល់ពេលវេលាដ៏ល្អសាកសម នឹងត្រូវនិយាយពីបញ្ហានេះជាមួយគាត់។

 

៣. ការរិះគន់ក្នុងន័យស្ថាបនាចំពោះដំណោះស្រាយទៅលើបញ្ហា មិនមែនទៅលើបុគ្គលនោះទេ

វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តោតអារម្មណ៍របស់អ្នកទៅលើ  Feedback ដែលអ្នកគ្រប់គ្រងរបស់អ្នកបានធ្វើ ជាជាងទៅលើបុគ្គល ដែលជាអ្នកគ្រប់គ្រងរបស់អ្នកផ្ទាល់។ ការនិយាយអំពីឧប្បត្តិហេតុដោយឡែកមួយ មិនមែនជាបុគ្គល អាចត្រូវបានស្វាគមន៍ ព្រោះវាបង្ហាញពីឱកាស ដើម្បីកែលម្អទៅលើបញ្ហា។ ការនិយាយអំពីអ្នកគ្រប់គ្រងរបស់អ្នកថាជាមនុស្សប្រភេទណា អាចត្រូវបានគេចាត់ទុកថា ជាការវាយប្រហារលើបុគ្គលិកលក្ខណៈរបស់គាត់។  ដើម្បីជួយអ្នក ក្នុងការផ្តល់ Feedback លើបញ្ហានៃដំណោះស្រាយណាមួយរបស់អ្នកគ្រប់គ្រង អ្នកគួរតែបញ្ចូលឃ្លាដូចជា “នៅពេលដែលអ្នកធ្វើ…..” ឬ “សកម្មភាពរបស់អ្នកលើ…..” ជាជាង “មកពីអ្នកគឺជា….” ។ សម្តីដែលថា “មកពីអ្នកគឺជា….” បានន័យថា អ្នកកំពុងផ្តោតលើអាកប្បកិរិយារបស់មនុស្ស ជាជាងបញ្ហានៃដំណើរការផ្នែកណាមួយរបស់ការងារ។

 

៤. ត្រូវមានលក្ខណៈជាក់លាក់

កុំផ្តល់នូវការធ្វើសមាហរណកម្ម ឬការអាប់ដេតទៅលើដំណើរការងាររបស់គាត់។ ផ្ទុយទៅវិញអ្នកគួរតែផ្តល់បរិបទ និងសេចក្តីលម្អិតជាក់លាក់ ដើម្បីបម្រុងទុក ជាការអះអាងរបស់អ្នក ទៅលើ Feedback ដែលអ្នកបានផ្តល់ឲ្យគាត់។  ឧទាហរណ៍ប្រសិនបើគម្រោងមួយដំណើរការមិនបានល្អ កុំប្រាប់ចៅហ្វាយរបស់អ្នកថា "មកពីអ្នកធ្វើការមិនល្អ"។ ផ្ទុយទៅវិញអ្នកចង់ផ្តោតលើធាតុជាក់លាក់នៅក្នុងគម្រោង ដែលបានដំណើរការខុស។ ឧទាហរណ៍ វាអាចថាការបែងចែកទំនួលខុសត្រូវមិនច្បាស់លាស់ វិសាលភាពនៃគម្រោងធំពេក មិនអាចគ្រប់គ្រងបាន ឬខ្វះជំនាញបច្ចេកទេសមួយចំនួននៅក្នុងក្រុម។ ត្រូវមានលក្ខណៈជាក់លាក់តាមដែលអាចធ្វើទៅបាន លើអ្វីដែលអ្នកគ្រប់គ្រងរបស់អ្នក (និងក្រុម) អាចធ្វើឱ្យប្រសើរឡើងនាពេលអនាគត។ 

 

លោក James Detert ជំនួយការសាស្រ្តាចារ្យនៅសាលាគ្រប់គ្រង Cornell Johnson បានមានប្រសាសន៍ថា “មនុស្សមានប្រតិកម្មច្រើន គួរតែទៅលើភាពជាក់លាក់ ជាជាងភាពទូទៅរបស់មនុស្ស។”

 

៥. ចាំថាត្រូវតែផ្តល់ Feedback បែបវិជ្ជមានផងដែរ

មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ពួកគេ។ អ្នកគ្រប់គ្រងរបស់អ្នក ក៏មិនខុសគ្នានោះដែរ។ ខណៈពេលដែលអ្នកកំពុងចង្អុលបង្ហាញតំបន់ ដែលអ្នកគ្រប់គ្រងរបស់អ្នក អាចដំណើរការបាន សូមកុំភ្លេចនិយាយពីចំណុចមួយចំនួន ដែលគាត់តែងតែធ្វើបានល្អ។ វាអាចជួយបន្ទន់សម្លេង និងអាចជួយអ្នកគ្រប់គ្រងរបស់អ្នក ឱ្យកាន់តែមានភាពអត់ធ្មត់ ចំពោះការរិះគន់ក្នុងន័យស្ថាបនារបស់អ្នក។

 

៦. សុំ Feedback ពីគាត់ត្រឡប់មកវិញ

ប្រសិនបើអ្នកផ្តល់ Feedback ដល់អ្នកគ្រប់គ្រងរបស់អ្នកហើយ គប្បីសូម Feedback ពីគាត់ត្រឡប់មកវិញ។ សកម្មភាពនេះនឹងជួយធ្វើឱ្យស្ថានភាពមានតុល្យភាព ព្រោះវានឹងផ្តល់ឱ្យអ្នកគ្រប់គ្រងរបស់អ្នក នូវឱកាសដើម្បីផ្តល់ឱ្យអ្នក នូវការរិះគន់បែបស្ថាបនា។ ដូចគ្នានឹងវិធី ដែលអ្នកសង្ឃឹមថាអ្នកគ្រប់គ្រងរបស់អ្នក គួរតែទទួលយកយោបល់របស់អ្នក ដូចនេះអ្នកក៏គួរតែទទួលយកយោបល់របស់គាត់វិញផងដែរ។ ជាការពិតណាស់ អ្នកអាចស្នើសុំការបញ្ជាក់ និងឧទាហរណ៍ជាក់លាក់ ប៉ុន្តែអ្នកគួរតែចេះគួរសម និងគោរពគាត់។

 

សរុបជារួមមក៖ តាមគំនិតរបស់ខ្ញុំ Feedback គឺជារឿងដ៏ល្អមួយ។ ចៅហ្វាយដ៏ល្អម្នាក់ នឹងអរគុណសម្រាប់ Feedback របស់អ្នកទៅកាន់គាត់។ មេដឹកនាំពិត ក្រសោបយកយោបល់ទាំងអស់។ ទោះយ៉ាងណាមុនពេលអ្នកសម្រេចចិត្ត បន្តផ្តល់ជូននូវមតិស្ថាបនាប្រកបដោយភាពច្នៃប្រឌិត ដល់អ្នកគ្រប់គ្រងរបស់អ្នក ចាំបាច់អ្នកត្រូវប្រាកដថា អ្នកគ្រប់គ្រងរបស់អ្នកមានគំនិតបើកចំហរ ហើយអ្នកមានព័ត៌មានជាក់លាក់ ដើម្បីគាំទ្រការអះអាងទៅលើ Feedback របស់អ្នកផងដែរ។ ចុងក្រោយ អ្នកគួរតែចេះគួរសម គោរព និងប្រកបដោយវិជ្ជាជីវៈ គ្រប់ពេលវេលា។