អាងហែលទឹកដ៏ប្រណិត មានកម្ពស់ខ្ពស់ជាងគេនៅឌូប៉ៃ ដែលបំបែកកំណត់ត្រាថ្មីរបស់ពិភពលោក

ឌូប៉ៃ៖ អាងហែលទឹក អាចត្រូវបានសាងសង់ឡើងនៅតាមអគារលំនៅឋាន ខុនដូរ និងអគារខ្ពស់ជាដើម ហើយក្នុងនោះ អាងហែលទឹក ដែលកំពុងទទួលបានចំណាប់អារម្មណ៍ពីពិភពលោក គឺស្ថិតក្នុងទីក្រុងឌូប៉ៃរបស់អារ៉ាប់ ជាអាងហែលទឹក មានកំពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

អាងហែលទឹកស្ថិតនៅចំកណ្ដាលទីក្រុងឌូប៉ៃ មួយនេះ បានបំបែកកំណត់ត្រាពិភពលោកថ្មី កាលពីពេលថ្មីៗកន្លងទៅនេះ ជាប់ឈ្មោះជាអាងហែលទឹក (Infinity Pool) មានកម្ពស់ខ្ពស់ជាងគេបំផុតនាពេលបច្ចុប្បន្ន មានទីតាំងស្ថិតនៅជាន់លើគេនៃរីសត Address Beach Resort។ តាមការចុះផ្សាយរបស់ប្រភពអន្តរជាតិបានឱ្យដឹងថា អាងហែលទឹកនេះស្ថិតនៅជាន់ទី ៧៧ នៃអគារ ហើយមានរយៈកម្ពស់ ៩៦៥ ហ្វីត ឬប្រមាណ ២៩៤ ម៉ែត្រពីជាន់ផ្ទាល់ដី។

ការសាងសង់អាងហែលទឹក នៅលើអគារដ៏ខ្ពស់បែបនេះ បានផ្សាភ្ជាប់មកជាមួយនឹងប្រណិតភាព ដែលមនុស្សសម័យថ្មីត្រូវការ និងចង់បាន ព្រោះអ្នកហែលទឹកទាំងអស់ អាចស្រូបយកខ្យល់អាកាសបរិសុទ្ធ រំសាយអស់ក្ដីកង្វល់ មានភាពស្ងប់ស្ងាត់ និងកាត់ស្ត្រេសបានយ៉ាងល្អ។ អាងហែលទឹកនេះ មានបំពាក់មកជាមួយគ្រឿងបរិក្ខារល្អៗ និងប្រណិត មានដើមដូង កៅអីផ្អែក សេវាកម្មចំណីអាហារ និងភេសជ្ជៈដ៏ច្រើនសំបូរបែប។

កាន់តែពិសេសជាងនេះទៅទៀតនោះគឺ ទេសភាពដ៏ស្រស់ត្រកាល នៃទីក្រុងឌូប៉ៃ ដែលអាចមើលឃើញនូវមហាសមុទ្រដ៏ធំល្វឹងល្វើយពីចម្ងាយ ពិសេសអាចមើលឃើញនូវសណ្ឋាគារឆ្នើមរបស់ទីក្រុងមួយនេះគឺ Burj Ai Arab និងឆ្នេរសិប្បនិមិត្តមានរូបរាងដូចដើមដូង។ ទន្ទឹមគ្នានោះដែរ អ្នកហែលទឹកទាំងអស់អាចមើលជុំវិញខ្លួននូវសំណង់អគារ ស្ថាបត្យកម្មល្អៗ ប្រណិត ខ្ពស់ៗជាច្រើន និងគយគុនថ្ងៃរាបលិច ស្របពេលអ្នកហែលទឹកនៅលើអគារដ៏ខ្ពស់ស្កឹមស្កៃ។

គួរបញ្ជាក់ផងដែរថា អាងហែលទឹក Infinity Pool ដែលមានរយៈកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ត្រូវបានក៏សាងឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕