សេដ្ឋកិច្ចឥណ្ឌូនេស៊ី នៅតែបន្តធ្លាក់ចុះជាប់ៗគ្នាអស់រយៈពេល ៤ ត្រីមាសមកហើយ រាប់ទាំងដើមឆ្នាំ២០២១

ហ្សាកាតា៖ ឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចខ្ពស់ និងធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ នៅតែបន្តរងគ្រោះ ក្រោមសម្ពាធសេដ្ឋកិច្ចជាតិបានបន្តធ្លាក់ចុះ អស់រយៈពេល ៤ ត្រីមាសជាប់ៗគ្នាមកហើយ។ បញ្ហានេះ ត្រូវបានចោទឡើងដោយសារតែបញ្ហាឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចយ៉ាងធំធេង ហើយបានកំពុងបន្តនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ នេះផងដែរ។

យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋានស្ថិតិជាតិរបស់ឥណ្ឌូនេស៊ី ចុះផ្សាយនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បានបន្តធ្លាក់ចុះជាប់ៗគ្នា អស់រយៈពេល ៤ ត្រីមាសមកហើយ ដោយត្រីមាសទី១ ឆ្នាំ២០២១ កន្លងទៅនេះ ការធ្លាក់ចុះ ០,៧៤% បើធៀបទៅនឹងឆ្នាំ ២០២០ គន្លងទៅ។ ការបន្តធ្លាក់ចុះ ត្រូវបានដាក់បញ្ហាទៅលើជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ជាពិសេសគឺវិស័យទេសចរណ៍ បានរងគ្រោះធ្ងន់ធ្ងរជាងគេ។

តាមការបញ្ជាក់របស់លោក Suhariyanto អ្នកនាំពាក្យរបស់នាយកដ្ឋានស្ថិតិជាតិរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ដូច្នេះថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅតែបន្តមានភាពអវិជ្ជមានដដែល ដោយ ៣ ខែកន្លងទៅ ពោលគឺខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១ សេដ្ឋកិច្ចជាតិបានធ្លាក់ចុះច្រើនជាងការព្យាករណ៍បន្តិច ដោយក្នុងនោះវិស័យទេសចរណ៍កំពុងធ្លាក់ដុនដាបខ្លាំងជាងគេបង្អស់។ លោកបានបន្ថែមទៀតថា បើទោះបីជាត្រីមាសដំបូង បានបន្តធ្លាក់ចុះជាត្រីមាសទី ៤ ក៏ដោយ តែវាកើនឡើងបានបន្តិចបើធៀបទៅនឹងត្រីមាសទី៣ នាចុងឆ្នាំ២០២០ កន្លងទៅ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចអស់ ៤ ត្រីមាស ហើយត្រីមាសទី៤ ល្អប្រសើរជាងត្រីមាសទី៣ បានបង្ហាញជាសញ្ញាណល្អមួយ ក្នុងការព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមល្អប្រសើរបន្តិចម្ដងៗ តទៅមុខទៀត បើទោះបីជាមិនអាចវិលត្រឡប់ទៅកាន់ស្ថានភាពដើមក៏ដោយ។ បញ្ហាសេដ្ឋកិច្ចនេះ បានដាក់ឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់រងគ្រោះ ពិសេសជនក្រីក្រ ពលរដ្ឋរស់នៅតាមទីជនបទ ទីដាច់ស្រយាល ដែលចាំបាច់ត្រូវការជំនួយពីរដ្ឋាភិបាល។ តាមរយៈនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីធ្លាប់បានបញ្ចេញថវិការរហូតដល់ទៅ ៤៨ ពាន់លានដុល្លារ ដើម្បីសង្គ្រោះប្រទេសផងដែរ ខណៈប្រទេសត្រូវបានបិទខ្ទប់នៅតាមតំបន់ឆ្លងជាច្រើនកន្លែង។

សម្រាប់ឆ្នាំ ២០២១ នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីព្យាករណ៍ថា សេដ្ឋកិច្ចអាចនឹងកើនឡើងចន្លោះពី ៤,‌១-៤,៥% ទាបជាងការព្យាករណ៍កាលពីចុងឆ្នាំ២០២០ កន្លងទៅដែលរំពឹងថានឹងកើនឡើងចន្លោះចាប់ពី ៤,៨-៥,៣%។ ទោះបីជាយ៉ាងណាក៏ដោយ ការងើបឡើងនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ក៏ពឹងផ្អែកទៅលើសេដ្ឋកិច្ចរបស់បណ្ដាប្រទេសផ្សេងៗទៀតផងដែរ ពិសេសគឺវិស័យទេសចរណ៍ ដែលជាច្រកទ្វារផ្ដល់ប្រាក់ចំណូលជាច្រើនទៅដល់ពលរដ្ឋ និងវិស័យទេសចរណ៍៕