គម្រោងស្ថានីយចំណតនៃអាកាសយានដ្ឋាន ដែលមានផ្នែកដំបូលសម្រាប់ទុកជាកន្លែងសម្រាកលំហែ បែបសួរច្បារដ៏ស្រស់ស្អាត

គ្មាននរណាម្នាក់មានអារម្មណ៍សប្បាយរីករាយនោះទេ កំឡុងពេលជាប់នៅអាកាសយានដ្ឋាន និងត្រូវបានពន្យារជើងហោះហើរនោះ ដោយអ្នកដំណើរភាគច្រើនតែងធុញទ្រាន់ អផ្សុក និងខ្លះក៏នឿយហត់មិនមានកន្លែងសម្រាកត្រឹមត្រូវ ក្នុងពេលត្រូវចាំជើងហោះហើរយូរម៉ោងជាដើម។ យ៉ាងណាបើសិនជាអ្នកដំណើរបានឆ្លងកាត់ស្ថានីយចំណតទី 4 (Terminal 4) នៃអាកាសយានដ្ឋានអន្តរជាតិ Bao’an នោះ យ៉ាងហោចណាស់ ពួកគេក៏អាចចំណាយពេលរង់ចាំរបស់ពួកគេ នៅក្នុងសួនច្បារនៅខាងក្នុង ដែលមានទំហំធំជាងទីលានវាយកូនបាល់ (Tennis) ដល់ទៅ 40 ដងឯណោះ។ គម្រោងស្ថានីយអាកាសយានដ្ឋាននេះ ត្រូវបានឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្ម Rogers Stirk Harbour + Partners (RSHP) និងត្រូវបានគ្រោងសម្រាប់ទីក្រុង Shenzhen ប្រទេសចិន។

ការរចនាសម្រាប់ស្ថានីយទី 4 នៃអាកាសយានដ្ឋានអន្តរជាតិ Bao’an នាពេលថ្មីៗនេះ បានឈ្នះការប្រកួតប្រជែងផ្នែកស្ថាបត្យកម្មមួយ ហើយកំពុងត្រូវបានបង្កើតឡើងដោយសហការជាមួយវិទ្យាស្ថានរចនា និងស្រាវជ្រាវប្រទេសចិន នៅភាគឥសាននៃទីក្រុង Shenzhen, Railway 2 និង AECOM។

 

អគារនេះនឹងមានរង្វាស់ទំហំ 400,000 ម៉ែត្រការ៉េ (ប្រហែល 4.3 លានហ្វីតការ៉េ) ដែលមានទំហំត្រឹមតែជាងពាក់កណ្តាល នៃស្ថានីយចំណតធំបំផុតរបស់ពិភពលោក គឺអាកាសយានដ្ឋានអន្តរជាតិប៉េកាំង Daxing របស់ក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid។ វានឹងត្រូវបានកំណត់ដោយដំបូលដ៏ធំ និងអាចបម្រើអ្នកដំណើររហូតដល់ខ្ទង់ 31 លាននាក់ឯណោះក្នុងមួយឆ្នាំ។ ការឌីហ្សាញជាមួយនឹងរចនាបទពណ៌បៃតងនៅខាងក្នុង នឹងមិនមានលក្ខណៈទូលំទូលាយដូចអាកាសយានដ្ឋាន Jewel Changi ទេ ប៉ុន្តែវានឹងមានរួមបញ្ចូលទាំងផ្លូវដើរលេង ដែលមានទេសភាពដ៏ស្រស់ស្អាត និងអមដោយរុក្ខជាតិពណ៌បៃតង។

លោក Andrew Tyley នៃ Partner, RSHP មានប្រសាសន៍ថា “គំនិតនៃការរចនា មានផ្នែកសំខាន់បំផុតនៅចំកណ្តាលសួនច្បារទំហំ 10,000 ម៉ែត្រការ៉េ ដែលមានទំហំប៉ុនទីលានវាយកូនបាល់ចំនួន 40 រួមបញ្ចូលគ្នា។ សួននេះដើរតួជាទ្វារខាងមុខ ឆ្ពោះទៅក្រុង Shenzhen តភ្ជាប់ និងរួមបញ្ចូលការធ្វើដំណើរតាមផ្លូវគោក និងអាកាស។ ស្ថានីយនឹងស្ថិតនៅចំកណ្តាលទីក្រុងព្រលានយន្តហោះថ្មី ហើយនឹងក្លាយជាច្រកដ៏សំខាន់មួយ ដែលមនុស្សរាប់ពាន់នាក់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ទីក្រុង Shenzhen ដែលមានស្ថានីយទំនើបទាន់សម័យដោយផ្តោតជាពិសេស លើបទពិសោធន៍អ្នកដំណើរប្រកបដោយសុខុមាលភាព និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីទីក្រុង និងតំបន់ ដែលឆ្ពោះទៅមុខ ប្រកបដោយភាពស្វាហាប់។ នេះវានឹងក្លាយជាផ្នែកមួយនៃសទ្ទានុក្រមនៃព្រលានយន្តហោះជំនាន់ក្រោយៗទៀត។”

គម្រោងក៏នឹងមានការរចនាប្រកបដោយចីរភាពមួយចំនួន ដែលគ្រោងសម្រាប់ស្ថានីយផងដែរ។ បើយោងទៅតាម RSHP បានឲ្យដឹងថា ទម្រង់ទូទៅនៃអគារនឹងផ្តល់ពន្លឺធម្មជាតិអតិបរមា ខណៈពេលដែលនៅតែគ្រប់គ្រងថាមពលបានមកពីព្រះអាទិត្យ (Solar gain)។ វានឹងរួមបញ្ចូលខ្យល់ធម្មជាតិ ការប្រមូលផលទឹកភ្លៀង ហើយនឹងត្រូវបានសាងសង់រួចរាល់ នៅនឹងកន្លែងតែម្តង។

 

យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងច្បាស់ថា តើគម្រោងនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ ហើយក៏មិនមានការផ្តល់ជូននូវរូបភាព Render របស់សួនច្បារដ៏សំខាន់នោះដែរ។ សម្រាប់ព័ត៌មានបន្ថែមពីគម្រោងស្ថានីយចំណតទី 4 នៃអាកាសយានដ្ឋាននេះ យើងនឹងបង្ហាញជូននៅក្នុងអត្ថបទក្រោយជាបន្តទៀត នៅពេលដែលដំណើរការនៃផែនការនេះ ត្រូវបានរំកិលទៅមុខ។