ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយកម្លាំងខ្យល់ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ បានបញ្ចប់ការសាងសង់

ហាណូយ៖ តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាម បានកំពុងកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលប្រទេសមួយនេះ បានដាក់ចេញគោលនយោបាយ ប្រែក្លាយខ្លួនទៅជាប្រទេស នៃបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មធំមួយនៅអាស៊ីអាគ្នេយ៍។ ការកើនឡើងនៃតម្រូវការថាមពលនេះ តម្រូវឱ្យវៀតណាមបើកឱ្យវិនិយោគិនអន្តរជាតិ មកវិនិយោគលើវិស័យនេះ ពិសេសគឺថាមពល ដែលកកើតឡើងវិញបាន ជាធម្មជាតិមានស្រាប់នៅលើផែនដី។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាមចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ស្ថានីយ៍ផលិតថាមពលអគ្គិសនី ចេញពីកម្លាំងខ្យល់ ដែលមានទំហំធំជាងគេបំផុតលើផ្ទៃប្រទេស ហើយក៏ធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់ទៅ ៩០០ ហិកតា បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយចំនាយថវិការសរុបប្រមាណ ៤ ទ្រីលានដុង ឬស្មើនឹងជាង ១៧២ លានដុល្លារអាមេរិក។ ស្ថានីយ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅក្នុងខេត្ត Ninh Thuan នៃសង្កាត់ Thuan Bac ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Trung Nam Group។

ស្ថានីយ៍ថ្មីស្រឡាងមួយនេះ មានលទ្ធភាពអាចផលិតថាមអគ្គិសនីបានប្រមាណ ៤២៣ លាន គីឡូវ៉ាត់ ក្នុងមួយឆ្នាំចេញពីកម្លាំងខ្យល់ ហើយក្នុងនោះក្រុមហ៊ុនវិនិយោគបានតម្លើងបន្ទះផ្ទាំងសូឡា ជាច្រើនផ្សេងទៀត ដើម្បីទាញយកផលប្រយោជន៍ចេញពីកាំរស្មីព្រះអាទិត្យ ជាមួយនឹងលទ្ធភាពអាចផលិតថាមពលអគ្គិសនីបានប្រមាណ ៥៧៧ លាន គីឡូវ៉ាត់ ក្នុងរយៈពេលមួយឆ្នាំ ដោយទំហំសរុបនៃស្ថានីយ៍ទាំងមូល គឺអាចផ្គត់ផ្គង់ថាមពលបានជាង ១,០០០ លានគីឡូវ៉ាត់ សម្រាប់រយៈពេល ៣៦៥ ថ្ងៃ។

តាមការឱ្យដឹងរបស់អគ្គនាយក នៃក្រុមហ៊ុន Trung Nam Group លោក Nguyen Tam Tien បានឱ្យដឹងថា ការសាងសង់បង្កើតជាស្ថានីយ៍ខ្នាតយក្សមួយនេះ ជួបការលំបាកជាច្រើន ដោយសារតែនេះគឺជាគម្រោងធំ ដូច្នេះត្រូវចំនាយពេលយ៉ាងច្រើនក្នុងការសិក្សា ការតម្លើង សាងសង់ ដឹកជញ្ជូន ស្របពេលប្រទេសជាតិ និងពិភពលោកកំពុងរងគ្រោះដោយសារតែជំងឺកូវីដ ១៩ ថែមទៀត។ ស្ថានីយ៍មួយនេះ គឺស្មុគស្មាញជាងអ្វីដែលមហាជនគ្រប់គ្នាមើលឃើញ ហើយក្រុមហ៊ុនបានសហការណ៍ជាមួយក្រុមហ៊ុនជំនាញៗពីបរទេសដូចជា Enercon និង Sany ជាដើម ដើម្បីជម្រុញទៅដល់ការផលិតថាមពល តំហែទាំ និងជាច្រើនផ្សេងទៀត ស្របទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ។

ជុំវិញការបញ្ចប់កិច្ចការងារតម្លើង និងសាងសង់ស្ថានីយ៍ទាំងមូល ស្ថានីយ៍មួយនេះ បានតភ្ជាប់ជាមួយខ្សែកាបរបស់រដ្ឋរួចជាស្រេច ដើម្បីចាប់ផ្ដើមផ្គត់ផ្គង់ថាមពលទៅកាន់តំបន់ និងទីក្រុងជាច្រើនរបស់វៀតណាម ដោយការផ្គត់ផ្គង់តាមការវាយតម្លៃប្រចាំឆ្នាំគឺអាចចម្លោះពី ៩៥០ លាន ទៅ ១ ពាន់លានគីឡូវ៉ាត់ឯណោះ ដែលនេះគឺជាជោគជ័យធំមួយរបស់វៀតណាម។ ម្យ៉ាវទៀត វាមិនត្រឹមតែស្របតាមគោលនយោបាយជាតិប៉ុណ្ណោះទេ តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ហានិភ័យនានា ពិសេសគឺបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី ដែលកំពុងធ្ងន់ធ្ងរឡើងៗជាប្រចាំ។

ស្ថានីយ៍មួយនេះ ក៏នឹងត្រៀមពង្រីកសមត្ថភាពរបស់ខ្លួននាពេលអនាគតផងដែរ ដោយធ្វើយ៉ាងណាទាញយកខ្យល់ និងកាំរស្មីព្រះអាទិត្យដើម្បីផលិតចេញជាថាមពលលក់ក្នុងតម្លៃសមរម្យ និងឈានទៅរកការផ្គត់ផ្គង់ដល់ទៅ ១០GW សម្រាប់ប្រទេសវៀតណាម នាឆ្នាំ ២០២៧ ខាងមុខ៕