វ៉ាក់សាំង Sinovac ត្រូវបានសម្រេចបើកឱ្យចាក់សម្រាប់កុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅហើយ!

ប៉េកាំង៖ វ៉ាក់សាំង Sionvac ផលិតឡើងនៅប្រទេសចិន បន្ទាប់ពីអង្គការសុខភាពពិភពលោកទទួលស្គាល់អំពីប្រសិទ្ធភាព កាលពីពេលថ្មីៗកន្លងទៅនេះរួច នៅពេលនេះរដ្ឋាភិបាលចិន បានអនុម័តឱ្យចាក់ការពារពីជំងឺកូវីដ ១៩ សម្រាប់កុមារជាផ្លូវការហើយ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺនៅក្នុងសហគមន៍បន្ថែម។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ដោយសារតែមានតម្រូវការប្រើប្រាស់ខ្លាំង និងជាបន្ទាន់ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង CoronaVac ដែលជាទូទៅត្រូវបានហៅថា Sinovac របស់ក្រុមហ៊ុន Sinovac Biotech សម្រាប់កុមារជាផ្លុវការហើយ។ ការសម្រេចឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac នេះ គឺដោយសារតែលទ្ធផលធ្វើតេស្ដស្ថិតនៅក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ទៅលើអ្នកចូលរួមជាច្រើនរយនាក់បានទទួលលទ្ធផលប្រសើរ ជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងល្អ និងទទួលបានជោគជ័យ។ 

រដ្ឋាភិបាល ចិននឹងបើកឱ្យចាក់វ៉ាក់សាំង Sinovac សម្រាប់កុមារ ដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ រហូតដល់ ១៧ឆ្នាំ ខណៈនៅតាមបណ្ដាប្រទេសផ្សេងៗទៀតដូចជាសហរដ្ឋអាមេរិក អង់គ្លេស ហុងកុង និងសឹង្ហបុរី អនុញ្ញាតឱ្យចាក់សម្រាប់កុមារ ដែលមានអាយុចាប់ពី១២ ឆ្នាំឡើងទៅប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការបើកយុទ្ធនាការចាក់សម្រាប់កុមារតូចៗ នៅមិនទាន់កំណត់កាលបរិច្ឆេទបាននៅឡើយទេ ថានឹងត្រៀមធ្វើឡើងនៅពេលណា ព្រោះអាចនឹងឈានដល់ការធ្វើតេស្ដដំណាក់កាលទី៣ សិន ទើបបើកឱ្យចាក់ជាផ្លូវការក៏ថាបាន។

គួរបញ្ជាក់ផងដែរថា ការសម្រេចនេះធ្វើឡើងស្របពេល ការវាយប្រហារនៃជំងឺកូវីដ ១៩ នៅលើកុមារតូចៗបានកើនឡើង និងឆ្លងយ៉ាងឆាប់រហ័ស ស្ថិតនៅក្នុងតួរលេខប្រកាសអាសន្ន នៅក្នុងប្រទេសម៉ាឡេស៊ី ហេតុនេះ ដើម្បីទប់ស្កាត់ហេតុការណ៍ដ៏អាក្រក់នោះ រដ្ឋាភិបាលចិន ត្រូវសម្រេចដាក់ឱ្យចាក់ ស្ថិតក្នុងការស្រាវជ្រាវដំណាក់កាលទី១ និងទី២ ទទួលបានលទ្ធផលល្អ។ ដោយឡែកសម្រាប់ប្រទេស ដែលបានប្រើប្រាស់ ឬចាក់វ៉ាក់សាំង Sinovac នេះ អាចនឹងពិចារណា បើកចាក់ជូនកុមារតូចៗនៅតាមប្រទេសរបស់ខ្លួនផងដែរ ប្រសិនបើលទ្ធផលរបស់ចិនទទួលបានជោគជ័យ៕