ប្រភេទវ៉ាក់សាំងថ្មី Novavax មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងកូវីដ-១៩ ជាង ៩០% នៅក្នុងការតេស្តសាកល្បងរបស់សហរដ្ឋអាមេរិក!

ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ Novavax Inc បានរាយការណ៍ពីទិន្នន័យដំណាក់កាលចុងក្រោយពី ការតេស្តសាកល្បងនូវវ៉ាក់សាំងរបស់ខ្លួន នៅឯគ្លីនិកវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក (US-based clinical trial) បានបង្ហាញថាវាមានប្រសិទ្ធភាពជាង ៩០% ប្រឆាំងនឹងកូវីដ-១៩ លើប្រភេទវីរុសបំលែងខ្លួនផ្សេងៗផងដែរ។

 

ក្រុមហ៊ុនបាននិយាយថា ការសិក្សារបស់ក្រុមអ្នកស្ម័គ្រចិត្តជិត ៣០.០០០ នាក់នៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានដាក់វ៉ាក់សាំង Novavax ដើម្បីរៀបចំឯកសារ សម្រាប់សុំការអនុញ្ញាតចែកចាយប្រើប្រាស់ជាបន្ទាន់ នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ។

 

ក្រុមហ៊ុន Novavax បាននិយាយថាបេក្ខជនសាកល្បង ដែលបានទទួលវ៉ាក់សាំង Protein-based Covid-19 របស់ Novavax មានប្រសិទ្ធភាពជាង ៩៣% ប្រឆាំងនឹងប្រភេទនៃវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីៗ ដែលកំពុងមានវត្តមានជាច្រើន និងស្ថិតក្នុងការព្រួយបារម្ភ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងមន្រ្តីសុខភាពសាធារណៈ។

 

វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីន (Protein-based vaccines) គឺជាវិធីសាស្រ្តសាមញ្ញមួយ ដែលប្រើបំណែកមេរោគដែលបានបន្សុទ្ធចេញ ដើម្បីជម្រុញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការចាក់វ៉ាក់សាំងម្តងទៀត អាចបណ្តាលឱ្យមានអាការៈក្អក និងរោគសញ្ញាផ្សេងៗខ្លះដែរ ដើម្បីធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

 

ក្នុងកំឡុងពេលតេស្តសាកល្បង ក្រុមហ៊ុនបាននិយាយថា ប្រភេទវីរុសបំលែងថ្មី B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស បានក្លាយជាប្រភេទវីរុសកូវីដ-១៩ ដែលមានការផ្ទុះឡើងខ្លាំងបំផុត នៅសហរដ្ឋអាមេរិក។ ប្រធានស្រាវជ្រាវនិងអភិវឌ្ឍន៍ Novavax លោក Gregory Glenn បានប្រាប់សារព័ត៌មាន Reuter ថាវ៉ាក់សាំង Novavax របស់ខ្លួន ក៏អាចចាប់បាននូវប្រភេទនៃវីរុសកូវីដ-១៩ ដំបូង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌាផងដែរ នៅក្នុងចំណោមអ្នកចូលរួម ក្នុងការសាកល្បង។

 

វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩១% ក្នុងចំណោមអ្នកស្ម័គ្រចិត្តមកតេស្តសាកល្បង ដែលមានហានិភ័យខ្ពស់នៃការឆ្លងធ្ងន់ធ្ងរ និងមានប្រសិទ្ធភាព ១០០% ក្នុងការការពារករណីកូវីដ-១៩ កម្រិតមធ្យមនិងធ្ងន់។ លោកវេជ្ជបណ្ឌិត Glenn បាននិយាយថា វាមានប្រសិទ្ធភាពប្រហែល ៧០% ប្រឆាំងនឹងប្រភេទវីរុសកូវីដ-១៩ បំលែងថ្មីក្រោយៗទៀត ដែលវ៉ាក់សាំង Novavax មិនអាចកំណត់អត្តសញ្ញាណប្រភេទទាំងនោះបាន។ លោកបានបន្តថា “និយាយឱ្យចំទៅ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលវ៉ាក់សាំងរបស់យើង អាចការពារប្រឆាំងនឹងវីរុសដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ទាក់ទងនឹងការផ្លាស់ប្តូរ និងប្រភេទបំលែងថ្មី។”

 

ក្រុមហ៊ុន Novavax បាននិយាយថាវ៉ាក់សាំងជាទូទៅ ត្រូវបានគេផ្តល់ឱ្យបានល្អ និងទទួលបានការគាំទ្រ ក្នុងចំណោមអ្នកចូលរួម។ ផលប៉ះពាល់បន្ទាប់ពីចាក់រួចរួមមាន ឈឺក្បាល អស់កម្លាំង និងឈឺសាច់ដុំ ហើយជាទូទៅក្នុងកម្រិតស្រាល និងឆាប់បាត់វិញទេ។ យ៉ាងណាក៏មាន អ្នកចូលរួមមួយចំនួនតូច បានជួបប្រទះផលប៉ះពាល់រាងធ្ងន់ជាងនេះផងដែរ។

 

ក្រុមហ៊ុនវេជ្ជសាស្ត្រនេះក៏បាននិយាយថាវ៉ាក់សាំង Novavax នៅតែអាចផលិតបាន ១០០ លានដូសក្នុងមួយខែ នៅចុងត្រីមាសទី ៣ ឆ្នាំ ២០២១ និង ១៥០ លានដូសក្នុងមួយខែ នៅត្រីមាសទី ៤ ឆ្នាំ ២០២១។ គូសសម្គាល់ផងដែរថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Maryland បានរុញច្រានការព្យាករណ៍ផលិតកម្មម្តងហើយម្តងទៀត ហើយបានតស៊ូ ដើម្បីទទួលបានវត្ថុធាតុដើម និងឧបករណ៍ដែលត្រូវការដើម្បីបង្កើតវ៉ាក់សាំងនេះឡើង។

 

ទោះជាយ៉ាងណានៅក្នុងការអំពាវនាវរបស់វិនិយោគិន កាលពីខែឧសភាកន្លងទៅ នាយកប្រតិបត្តិ Stanley Erck បាននិយាយថា ឧបសគ្គផលិតកម្មសំខាន់ៗត្រូវបានគេដោះស្រាយ ហើយរាល់ស្ថាប័នមូលដ្ឋានទាំងអស់ អាចផលិតវ៉ាក់សាំងនេះបាន ក្នុងកម្រិតពាណិជ្ជកម្ម។

 

លោក Erck បាននិយាយថា Novavax បានចាប់ផ្តើមដាក់ឯកសារបទប្បញ្ញត្តិរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (Serum Institute of India - SII) ដែលបានចុះកិច្ចសន្យា ដើម្បីផលិតវ៉ាក់សាំង Novavax នេះ។ លោក Erck ក៏បានបន្ថែមថា បើតាមការយល់ដឹងរបស់គាត់គឺថា SII ត្រូវបានរារាំងសង្វាក់ផលិតកម្ម ដោយសារបញ្ហាកង្វះខាតវត្ថុធាតុដើម។

 

ដោយឡែក SII បាននិយាយកាលពីខែមីនាកន្លងទៅថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើការនាំចេញ ផលិតផលឬសមាសធាតុថ្នាំបង្ការ ជាកត្តាត្រូវបានកំណត់សមត្ថភាពរបស់ខ្លួន ក្នុងការពង្រីកផលិតកម្មក្នុងការផលិតវ៉ាក់សាំង។