អេហ្ស៊ីប គ្រោងចំនាយដល់ទៅ ៤ ពាន់លានដុល្លារបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនីបៃតង!

ប្រទេសអេហ្ស៊ីបបាននឹងកំពុងរៀបចំផែនការមេមួយ ក្នុងទំហំវិនិយោគ មានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៤ ពាន់លានដុល្លារ ដើម្បីរៀបចំផែនការស្នូល នៃការផ្គត់ផ្គង់ថាមពលអគ្គសនី លើផ្ទៃប្រទេសឱ្យកាន់តែប្រសើរសម្រាប់តម្រូវការក្នុងទីផ្សារសម្រាប់ពេលអនាគត។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋាភិបាលអេហ្ស៊ីប ដឹកនាំដោយក្រសួងអគ្គិសនី និងថាមពលកកើតឡើងវិញ បានឱ្យដឹងថា បានកំពុងរៀបចំទឹកប្រាក់រហូតដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក ក្នុងការរៀបចំផែនការផលិតថាមពលអគ្គិសនីបៃតង (Clean Energy) ចេញពីរោងចក្រក្នុងស្រុក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការសិក្សា និងវាយតម្លៃ។ គម្រោងធំមួយនេះ នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាសប្ដាហ៍ក្រោយនេះ ដោយលើកឡើងអំពីផលប៉ះពាល់ និងវិបាកផ្សេងៗ។

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអគ្គិសនី និងថាមពលកកើតឡើងវិញ លោក Mohamed Shaker បានបញ្ជាក់ឱ្យដឹងថា ផែនការរបស់អេហ្ស៊ីប ក្នុងការបង្កើតស្ថានីយ៍ផលិតថាមពលបៃតងនេះ គឺស្ថិតក្នុងដំណាក់កាលសិក្សា និងប្រឹក្សាយោបល់ពីក្រុមអ្នកជំនាញ និងមានឯកទេសច្បាស់លាស់ ពិសេសនឹងឈានដល់កិច្ចប្រជុំជាមួយក្រសួង ឬស្ថាប័ន ដែលពាក់ព័ន្ធផ្សេងៗទៀត។ ការរៀបចំបង្កើតស្ថានីយ៍ ស្ថិតក្នុងទំហំទឹកប្រាក់វិនិយោគដល់ទៅ ៤ ពាន់លានដុល្លារនេះ នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ ៧,០០០ គីឡូម៉ែត្រការ៉េ ជាមួយការព្យាករណ៍ទុកថា នឹងមានលទ្ធភាពអាចផលិតថាមពលបានដល់ទ ៩០,០០០ មេហ្គាវ៉ាត់។

ផែនការបង្កើតស្ថានីយ៍ដ៏ធំរបស់អេហ្ស៊ីបមួយនេះ គឺស្ថិតក្នុងផែនការមេ ជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលបំពុលបរិស្ថាន ធ្វើយ៉ាងណាធ្វើឱ្យលទ្ធភាព នៃការប្រើប្រាស់ថាមពលបៃតង មានដល់អត្រា ៤២% នៃទំហំប្រើប្រាស់សរុប នាឆ្នាំ ២០៣៥ ខាងមុខ។ សម្រាប់ពេលបច្ចុប្បន្ន ការផ្គត់ផ្គង់ថាមពលបៃតងទៅកាន់អ្នកប្រើប្រាស់ នៅមានកម្រិតទាបនៅឡើយ តែផុតឆ្នាំ ២០២១ នេះ អេហ្ស៊ីប អាចមានលទ្ធភាពផលិតថាមពលបៃតង សម្រាប់ទីផ្សារនឹងកើនឡើងដល់ ២០% នៃតម្រូវការប្រើប្រាស់ថាមពលសរុបលើផ្ទៃប្រទេស។

ការចំនាយ ៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅអេហ្ស៊ីប គឺស្ថិតក្នុងរង្វង់ទឹកប្រាក់មួយធនល្មមប៉ុណ្ណោះ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្នុងវិស័យ។ លោក Shaker បញ្ជាក់ថា គិតចាប់តាំងពីរដ្ឋាភិបាល ធ្វើកំណែទម្រង់លើវិស័យថាមពលនេះមក ការបោះទុនវិនិយោគជាច្រើន ស្ថិតក្នុងវិស័យថាមពលបាកើនឡើងយ៉ាងឆាប់រហ័ស ដោយគិតមកដល់ពាក់កណ្ដាលឆ្នាំ ២០២១ ទឹកប្រាក់វិនិយោគសរុប មានរហូតដល់ទៅជាង ៣២ ពាន់លានដុល្លារ៕