ខេត្តកែប គ្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់ ២ កន្លែងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ!

រដ្ឋបាលខេត្តកែប ទើបតែបានបង្ហាញនូវគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់ ២ កន្លែងផ្សេងទៀត ដែលជារមណីយដ្ឋានសាធារណៈត្រៀមបង្កើតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដកាន់តែច្រើន ឲ្យលើសពីឆ្នេរកែបចាស់ (សិលាចាំប្ដី) ប្រវែង ៤៥០ ម៉ែត្រ ដែលមានទីធ្លារតូចចង្អៀត មិនទាន់គ្រប់គ្រាន់សម្រាប់ការកម្សាន្ដនៅឡើយ ជាពិសេសនៅរដូវកាលបុណ្យទាន ដែលភ្ញៀវទេសចរមកកម្សាន្ដនៅខេត្តកែបច្រើន។

ខេត្តកែប ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់វិស្សមកាល មានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ ដែលភ្ញៀវទេសចរអាចសម្រាកលំហែនៅមាត់សមុទ្រ ឬដើរកម្សាន្ដលើភ្នំទស្សនាទេសភាពឈូងសមុទ្រកម្ពុជា និងទៅកម្សាន្ដនៅកោះទន្សាយ ព្រមទាំងពេញនិយមសម្រាប់ទទួលទានអាហារសមុទ្រស្រស់ៗនៅផ្សារក្ដាមជាដើម។ បើយោងតាមស្ថិតិពីក្រសួងទេសចរណ៍ ខេត្តកែប តែងតែឈរនៅតារាងកំពូលទាំង ១០ នៃគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា ដូចនេះទើបចក្ខុវិស័យរាជរដ្ឋាភិបាល បានកំណត់ខេត្តកែបជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។ 

យោងតាមប្រសាសន៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបង្ហាញថា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យកំណត់យកខេត្តកែបជាគោលដៅទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកែបត្រូវខិតខំប្រឹងប្រែងបំពេញបន្ថែមនូវសម្បទាទេសចរណ៍ ជាពិសេសទីតាំងរមណីដ្ឋានលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ដ និងតំបន់អេកូទេសចរណ៍ជាដើម។ 

នៅចំពោះមុខ រដ្ឋបាលខេត្តកែប កំពុងសិក្សាគម្រោងអភិវឌ្ឍន៍រមណីដ្ឋានឆ្នេរខ្សាច់ចំនួន ២ កន្លែងផ្សេងទៀត ដោយទី១ យកទីតាំងឆ្នេរកម្សាន្ដ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្សាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នៅក្នុងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរទាំង ២ នេះរដ្ឋាបាលខេត្តកែប ក៏នឹងរៀបចំដងវិថីធំៗ មានសួនច្បារ ផ្លូវសម្រាប់ជិះកង់ ផ្លូវថ្មើរជើង ព្រមទាំងទីធ្លារសម្រាកលំហែផងដែរ។

គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរទាំង ២ មានដូចខាងក្រោម៖ 

• ទំហំទទឹងឆ្នេរយ៉ាងតិច ៣០ ម៉ែត្រ 

• អភិវឌ្ឍន៍ផ្លូវថ្មើរជើង ផ្លូវជិះកង់សាធារណៈ ទទឹង ១២ ម៉ែត្រ

• គម្រោងរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើទទឺង ៦ ម៉ែត្រ 

• គម្រោងដីអភិវឌ្ឍន៍ប្រវែងទទឹង ៣០ ម៉ែត្រ

• អភិវឌ្ឍន៍ផ្លូវសាធារណៈ ដែលតភ្ជាប់ពីផ្លូវជាតិ ៣៣A មកកាន់តំបន់ឆ្នេរមានទំហំ ៨ ម៉ែត្រ

ក្រោយពីគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរសាធារណៈទាំង ២ ខាងលើនេះ រដ្ឋបាលខេត្តកែប រំពឹងថានឹងអាចជួយលើកកម្ពស់ដល់គុណភាពទេសចរណ៍ខេត្តកែបបានមួយកម្រិតទៀត ជាពិសេសការបង្កើតរមណីយដ្ឋានឲ្យភ្ញៀវទេសចរមកកម្សាន្ដកាន់តែច្រើន បង្កើនប្រាក់ចំណូលជូនពលរដ្ឋមូលដ្ឋាន និងទាក់ទាញគម្រោងវិនិយោគកម្រិតខ្ពស់ -ល-។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត នឹងសិក្សាស្វែងរកខ្សាច់ដែលមានគុណភាពខ្ពស់ ដើម្បីមកចាក់បំពេញតាមបណ្ដោយឆ្នេរនេះ ធ្វើឲ្យតំបន់អភិវឌ្ឍន៍ទាំង ២ ក្លាយជារមណីយដ្ឋានកែច្នៃដែលមានគុណភាពខ្ពស់ មានកន្លែងលេងថ្មីៗ និងទទួលភ្ញៀវទេសចរបានកាន់តែច្រើនឡើង។